ខេត្តពោធិ៍សាត់៖ ចុងខែមុន និងដើមខែនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុក នៅតែបន្តកិច្ចសហការបង្រ្កាបបទល្មើសធនធានធម្មជាតិ(ឈើ)យ៉ាងក្ដៅគគុក ដោយរិបអូសវត្ថុតាងឈើជាច្រើនម៉ែត្រត្រីគុណ សម្ភារ ឧបករណ៍ផ្សេងៗមួយចំនួន និងដុតកម្ទេចរថយន្តចំនួន ៤គ្រឿង ។
ជាក់ស្ដែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍្ត ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងដែនជំរកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងសហការចុះបង្រ្កាប និងចាប់យកវត្ថុតាងឈើលេខមួយចំនួន និងរថយន្តកែច្នៃ ១គ្រឿង រថយន្តម៉ាក រ៉េវបាកុង ១គ្រឿង ដែលបម្រើដល់ផលប្រយោជន៍ដឹកជញ្ជូនឈើគ្មានលិខិតអនុញាតិ វត្ថុតាងឈើរក្សាទុកនៅស្នាក់ការដែមជំរកសត្វព្រៃភ្នំសំកុស រថយន្តទាំង ២គ្រឿងដុតកម្ទេសនៅនឹងកន្លែង នេះបើយោងតាមប្រភពពីកម្លាំងចុះប្រត្តិបត្តិការ ។
គួររំលឹកផងដែរថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កម្លាំងធ្វើការបង្រ្កាប និងរិបអូសឈើនៅតាមរោងសិប្បកម្មកែច្នៃ ដោយទទួលបានលទ្ធផលឈើជាង ២០ម៉ែត្រត្រីគុណ និងសម្ភារ ឧបករណ៍ផ្សេងៗមួយចំនួនធំផងដែរ ដោយរក្សាទុកនៅស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ។
ដោយឡែក៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កន្លងមក កម្លាំងដដែលខាងលើបង្រ្កាប់ឈើមូលបានមួយចំនួនធំ ប្រគល់ទទួលជូនមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើ(ឈើតុំ) បន្តនីតិវិធី លុះនៅរសៀលថ្ងៃដដែលកម្លាំងបានបង្រ្កាបរថយន្តម៉ាក រ៉េវ បាកុងចំនួន ២គ្រឿង ផងដែរ នៅចំណុចអូរសង្ក័សី ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយវត្ថុតាងរថយន្តទាំង ២គ្រឿង ដុតកម្ទេសនៅនឹងកន្លែង ៕ បុឹម ពិន