ភ្នំពេញ៖ ទីបំផុតតារាចម្រៀងសំនៀងក្រអួន ទៀត មុំសុធាវី បានចូលរោងការជាផ្លូវការហើយនឹងបុរសគូស្នេហ៍ដែលគេស្គាល់ថា ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង ។ មង្គលការនាងត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានភ្ញៀវចូលរួមជាច្រើនកុះករ។
មិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈ ហើយជាលើកដំបូងដែលតារាចម្រៀងស្រីស្រគត់ស្រគុំ កញ្ញា ទៀង មុំសុធាវី បានបញ្ចេញភាពផ្អែមល្ហែមជាមួយបុរសម្នាក់ដែលជាគូស្នេហ៍កាលអំឡុងចុងឆ្នាំ២០១៩នោះ។
គូស្នេហ៍ដែលតារាស្រីរូបនេះបង្ហាញជាសាធារណៈត្រូវបានគេដឹងថាមានឈ្មោះជួន សុកាន់ណារិទ្ធិ ជាបុរសពោះម៉ាយ និងជាអាណិកជនខ្មែររស់នៅប្រទសបារាំង។ មិនចម្លែកទេដែលតារាស្រីរូបនេះអាចស្វែងរកអាណិកជនរស់នៅប្រទេសស៊ីវីល័យបានព្រោះតែនាងគឺជាតារាចម្រៀងដែលតែងលេចមុខក្នុងកម្មវិធីច្រៀងរាំនៅបណ្តាប្រទេសជាច្រើនដែលមានប្រជាជនខ្មែររស់នៅ។
ទោះជាយ៉ាងណាមង្គលការរបស់នាងដែលចាប់ផ្តើមរៀបចំពិធីនៅសណ្ឋាគារប្រណីតនេះចាប់តាំងពីថ្ងៃចូលរោងដោយមានចាស់ទុំទាំងសងខាងចូលរួម។ ថ្ងៃទទួលភ្ញៀវគេមិនសូវសង្កេតឃើញមានវត្តមានវត្តមានភ្ញៀវសមល្មមប៉ុន្តែហាក់មិនមានវត្តមានសិល្បករច្រើនកុះករចូលរួមដូចមង្គលការសិល្បករដទៃទេពោលគឺមានតែសិល្បករជើងចាស់ និងរួមជំនាន់មួយចំនួនតែប៉ុណ្ណោះ។
អ្នកជិតដិតនាងបញ្ជាក់ថា សុធាវីមិនសូវនិយាយស្តី ឬលេងសើចច្រើន ដែលនាំឲ្យនាងមានមិត្តភ័ក្កិក្នុងសិល្បៈមិនច្រើនដូចតារាដទៃ ទោះជាយ៉ាងណាមង្គលការនាងទទួលបានការសាទរច្រើនពីអ្នកគាំទ្រ ។ ប្រភពថា តាមការគ្រោងទុកតារាស្រីរូបនេះនឹងចាកចេញពីកម្ពុជាចេញទៅរស់នៅលើទឹកដីនៃប្រទេសបារាំងឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ទៀង មុំសុធាវី មិនដែលពើបប្រទះនឹងរឿងអាស្រូវឡើយ ជាពិសេសការតែងខ្លួនរបស់នាងក៏ស្រស់ស្អាត និង សុភាពរមទម្យផងដែរ ។ មានបុរសជាច្រើនទាំងអ្នកជំនួញ និងមន្ត្រីមានមុខមាត់ជាច្រើនធ្លាប់ព្យាយាមទំនាក់ទំនងស្នេហ៍តារាស្រីរូបនេះប៉ុន្តែមិនទទួលបានលទ្ធផល។ ទោះជាយ៉ាងណានាងទទួលបានការគាំទ្រលើទឹកដមសំនៀងរហូតមានឱកាសចេញទៅច្រៀងក្រៅប្រទេសញឹកញាប់ ដូចជា បារាំង អាមេរិក អូស្រ្តាលី និង កាណាដា ជាដើម ៕ វឌ្ឍនា