ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតបាត់បង់ស្មារតីមិនស្គាល់បងប្អូន ឬអ្នកជិតខាង បានដើរកាន់កាំបិតប៉័ងតោរករឿងនិងប្រុងកាប់គេឯង ត្រូវប្រជាពលរដ្ឋរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មីទី២ ចុះទៅក្របួចជាប់ភ្លាមៗ ។
ករណីខាងលើនេះ បានកើតកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើចំណុចដំបូលផ្ទះ៦៤អឺ៤ (ដឺរាស់)ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ីង សំនិត ភេទ ប្រុស ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួន(មានសាធាតុញៀន)ស្នាក់នៅផ្ទះ១១អឺ៤ ផ្លូវ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីប្រើប្រាស់នូវសាធាតុញៀន បង្កការអុកឡុក ឡូឡា រករឿងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍បានចេញល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្លាមនោះស្រាប់តែមានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា មានជនសង្ស័យម្នាក់ប្រើប្រាស់ញៀនរហូតបាត់បង់ស្មារតី បានបង្កការអុកឡុកគំរាមកំហែងរករឿងពួកគាត់ដែលមានកាន់កាំបិតប៉័ងតោប្រុងកាប់គេឯងនៅលើផ្ទះ៦៤អឺ៤ ជាន់ទី៤ (ដឺរាស់)ភូមិ៩សង្កាត់ផ្សារថ្មីទី២ ពេលនោះកម្លាំងបានឡើងទៅជួយធ្វើអន្តរាគមន៍ ជាក់ស្តែងឃាត់ខ្លួនជននោះ យកមកប៉ុស្តិ៍ ដើម្បីសាកសួរនាំរួចបានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀននៅក្នុងខ្លួន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស រស្មី