ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកកាបូបប្រាក់ តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះតែរត់មិនរួច ។ ករណីនេះ បានកើតឡើងកាលពីលាម៉ោ១៩និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់ភេសជ្ជៈលេខ៤៧ ផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ចាន់ អេងឡុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ គឹម សាយ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដាក់កាបូបលុយនៅលើតុលក់បាយ ហើយជនសង្ស័យបានអង្គុយហូបបាយនៅទីនោះ ខណៈគាត់កំពង់តែរវល់ ស្រាប់តែជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកកាបូបនោះ ហើយដើរចេញបានប្រហែល២ម៉ែត្រប៉ុណ្នោះ ជនរងគ្រោះឃើញក៏ស្រែកថាចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅគោលដៅនោះជួយឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញតែម្តង ។

សម្ភារៈបាត់បង់គ្មាន ។ សម្ភារៈបន្សល់ទុក កាបូបស្ពាយ ០១ មានលុយខ្មែរ៧៣០.០០០រៀលប្រគល់ឲ្យេជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ចាម1U-8425 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចាន់លីហ្សា


ចែករំលែក៖