ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានជំងឺផ្លូវចិត្ដ បុរសម្នាក់ធ្វើអត្ដឃាតនៅលើដើមស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងស្លាប់នៅលើដើមស្វាយយ៉ាងអាណោចអាធ័ម សង្ស័យបណ្ដាលមកពីមានជំងឺផ្លូវចិត្ដ ។

ហេតុការណ៍នេះ បានបង្កការភ្ញក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួប ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានលំនៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា យោងតាមការបំភ្លឺពីអ្នកជិតខាងឲ្យដឹងថា៖ កន្លងមក ជនរងគ្រោះ ធ្លាប់មានវិបត្តិផ្លូវចិត្តពីរឿងជំពាក់លុយគេច្រើន និងពាក់ពន្ធ័រឿងដីធ្លី ។ លុះដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក ប្រពន្ធជនរងគ្រោះបានភ្ញាក់ពីដេកស្លៀកពាក់ទៅធ្វើការរោងចក្របាត់ទៅ ដោយប្តីនៅដេកក្នុងរោងបន្តទៀត ។ បន្ទាប់មកមានក្មេងស្រីម្នាក់ឈ្មោះរដ្ឋា អាយុ១៣ឆ្នាំ នៅផ្ទះជាប់របងគ្នា បានរត់លេងហើយបានប្រទះ ឃើញជនរងគ្រោះស្លាប់ដោយចងក. ជាប់និងដើមស្វាយ នៅក្នុងដីឡូតិ៍ក្បែរផ្ទះរបស់ជនរងគ្រោះ ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រៃលាស់ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះបានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយកម្លាំងជំនាញស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,មេភូមិ និងពេទ្យឃុំ ទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការចងក.ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពអោយទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖