ខេត្តស្ទឹងត្រែង៖ ដោយមើលឃើញទុក្ខលំបាក ពីសំណាក់ប្រជាពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយាល ពីទីរួមខេត្ត ហើយដែលកំពុងត្រូវការផ្លូវ សម្រាប់ដឹកជញ្ជូនដំណាំ កសិផលមកកាន់ទីផ្សារក្នុងខេត្ត នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេស អមដំណើរដោយលោកសន សារឿន អភិបាលនៃគណ:អភិបាលស្រុកថាឡាបរិវ៉ាត់ ចុះត្រួតពិនិត្យ និងសិក្សាផ្លូវក្រាលក្រួសក្រហមមួយខ្សែ ដែលឆ្លងកាត់ ឃុំ ថាឡាបរិវ៉ាត់ ឃុំអូររ៉ៃ និង ឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ឃុំសៀមបូក ស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនេះផងដែរលោកអភិបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យពីស្ថានភាព និងទីតាំង ស្ថាបនាផ្លូវក្រាលក្រួសក្រហមនេះ។
លោកបានមានប្រសាសន៍លើកឡើងថា ដោយមានការចង្អល់បង្ហាញ ពីសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជួបលំបាក និងកំពុងត្រូវការផ្លូវ ជាចាំបាច់ សម្រាប់ដឹកដំណាំ កសិផល ទៅកាន់ទីផ្សារក្នុងខេត្ត ក៏ដូចក្នុងការដឹកអ្នកជំងឺមកមន្ទីរពេទ្យខេត្ត ពេលមានជម្ងឺឈើធ្ងុន ឬស្ត្រីមានផ្ទៃពោះ ឲ្យទាន់សភាពការ។
បច្ចុប្បន្នផ្លូវ១ខ្សែរនេះ សាងសង់បាន ប្រវែង ១៨.៦១៣ ម៉ែត្រហើយ ដោយក្នុងនោះ និងបន្តសាងសង់ ផ្លូវមួយនេះចាប់ពីឃុំកាំងចាម ឆ្ពោះទៅព្រំប្រទល់ ឃុំសៀមបូក ចំណុច( អូរសៀមបូក ) ស្ថិតនៅឃុំសៀមបូក និងបន្តសាងសង់ ស្ពានដែកប៉ាឡេ និង លូរភ្លោះ ជាច្រើនកន្លែងទៀត។
ឆ្លៀតក្នុងឱកាសនោះលោកម៉ុម សារឿន អភិបាលខេត្ត បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរការសាងសង់ បន្ថែមទៀតនិងសម្រេចបាន ជាដំណាក់កាលៗ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវស្ពាន និងប្រព័ន្ធលូរំដោះទឹកមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជៀសវាងបានតែបរិមាណ គ្មានគុណភាព ៕ មាស សុផាត