ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ហើយគេចខ្លួនបានរយៈពេលមួយថ្ងៃ ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩:00នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ សៅ កក្កដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកនរងគ្រោះមានឈ្មោះ លី ប៉ោ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៤B ផ្លូវ៤៦៨ ស្ថិតនៅភូមិ១ ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក មៀច ឈួនសុីម៉ូលីន អធិការរងទទួលផែនព្រហ្មទណ្ឌបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ២០២០ ជនរងគ្រោះបានអង្គុយលេងទូរស័ព្ទដៃចំនួន២ គ្រឿងនៅមុខផ្ទះ ពេលនោះ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្ដាល ១AP-៨៩៤០ បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន២ គ្រឿងពីជនរងគ្រោះ ហើយបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ។
លោកអធិការរងបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹង បានចុះទៅផ្ទះជនរងគ្រោះហើយមើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ។ ក្រោយមកសមត្ថកិច្ចក៏ស្រាវជ្រាវតាមភិនភាគរហូតមកដល់យប់ថ្ងៃទី០៩ ខែ កុម្ភ: ស្រាប់តែឃើញជនសង្ស័យកំពុងតែជិះម៉ូតូទៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏ឃាត់ខ្លួនយកមកសួរនាំនៅអធិការរដ្ឋានខណ្ឌចំការមនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែន ហើយក៏យកទៅលក់លុយយកលុយឲ្យបុរសឈ្មោះ ធី បានចំនួន៦០០ដុល្លារ មកចាយវាយអស់ហើយ ដោះដូរស្លាកលេខម៉ូតូចេញ ដើម្បីកុំឲ្យនគរបាលឃើញដាក់ស្លាកលេខម៉ូតូ ភ្នំពេញ ១DF-៤៥៥៩ វិញតែនៅតែមិនរួចពីច្បាប់ជាប់ខ្នោះដដែល ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សរស្មី