ព័ត៌មានទាន់ហេតុការណ៍៖

កុមារីអាយុ៧ឆ្នាំម្នាក់ រត់ឆ្លងផ្លូវ ត្រូវរថយន្តស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ កុមារីអាយុ៧ ឆ្នាំម្នាក់ត្រូវបានអ្នកភូមិឃើញស្លាប់ លើផ្លូវលំ  យ៉ាងអាណោចអធ័មដោយសាររថយន្តកិន បន្ទាប់ពីកើតហេតុរយៈពេលយ៉ាងយូរទើប មានគេរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយមកទីតាំងកើតហេតុ ដោយឡែករថយន្តបង្កបានបេីកគេចខ្លួនបាត់។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទី រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវលំ ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ឈ្មោះ ពៅ តាំងលី អាយុ៧ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយជីតា និងជីដូន មានមុខរបរកម្មករពត់ដែក នៅក្បែរកន្លែងកើតហេតុ។

បើតាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះបានរត់ឆ្លងផ្លូវពីផ្ទះម្តាយធំ ឆ្លងផ្លូវទៅរកជីដូនវិញ ស្រាប់តែរថយន្តបង្កដឹកដី បើកចេញពីក្នុងភូមិ កិនស្លាប់ភ្លាមៗនៅកន្លែង ហើយបើករត់គេចទៅបាត់ ។ នេះបើតាមការៀបរាប់ពីអ្នកភូមិ ព្រោះអំឡុងពេលនោះមានរថយន្តខាងលើបើកចេញពីក្នុងភូមិមួយគ្រឿង ទើបនៅកន្លែងកើតហេតុ សន្និដ្ឋានបានថា មានតែរថយន្តដឹកដីដែលបើកកិន។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យដល់ទីតាំងខាងលើ រួចប្រគល់សាកសពក្មេងស្រីជូនក្រុមគ្រួសារ ចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចបន្តស្រាវជ្រាវ ស្វែងរករថយន្តបង្ក ៕សុខាសែនជ័យ​


ចែករំលែក៖