ភ្នំពេញ៖ ខណៈរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានសម្រេចឲ្យធ្លាក់នៃការប្រឡង តែលោក គង់ ប៊ុនរិទ្ធ បានបន្តសុំអន្តរាគមន៍ទៅស្ថាប័នកំពូលៗចំនួន៤ទៀត ពាក់ព័ន្ធតម្លាភាពនិងភាពយុត្តិធម៌នៃការប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ ។
ការបន្តសុំអន្តរាគមន៍នេះ កើតឡើងក្រោយពេលលោក គង់ ប៊ុនរិទ្ធ បានរងបណ្តឹងនៅតុលាការ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ខណៈលោកបានរិះគន់ការប្រឡងនេះ ឥតសំចៃមាត់ ។
លោក គង់ ប៊ុនរិទ្ធ ថ្លែងប្រាប់នៅថ្ងៃទី១១ ខែកុម្ភៈ នេះថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញនេះ លោកបានដាក់ពាក្យសុំអន្តរាគមន៍បន្ថែមទៀតទៅស្ថាប័នកំពូលៗចំនួន៤ រួមមាន ស្ថាប័នព្រះមហាក្សត្រ រាជរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា ។
លោកអះអាងថា ស្ថាប័នទាំង៤ បានសន្យាជាមួយលោកថា នឹងទៅសិក្សាជាមួយថ្នាក់លើ ហើយផ្តល់ដំណឹងមកលោកវិញនៅពេលក្រោយ ។
ទោះបីយ៉ាងណា កន្លងមក ខាងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានប្រកាសថា ការប្រឡងនេះ គឺ មានតម្លាភាពនិងយុត្តិធម៌ ១០០% ពោលគឺគ្មានភាពមិនប្រក្រតី ឬ ការប្រព្រឹត្តអំពើពុករលួយឡើយ ៕ចេស្តា