ខេត្តកំពង់ធំ: រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U2950 របស់ក្រុមហ៊ុន KWTF មួយគ្រឿងខណៈម្ចាស់បញ្ឆេះម៉ាស៊ីនបម្រុងចេញដំណើរពីទីប្រជុំជន ស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅទីនោះជួយពន្លត់ទាន់ ខូចខាតរថយន្តតិចតួចប៉ុណ្ណោះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤៥នាទីរសៀលថ្ងៃ ចន្ទ ២ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ ២០២០ លើវិថីតេជោមាស ស្ថិតភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាទីប្រជុំជន និងមានស្ថានីយ៍ប្រេងឥន្ធនៈនៅក្បែរ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះបើបរដោយ ឈ្មោះ សុ ផាដែន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាបុគ្គលិ របស់ក្រុមហ៊ុន KWTF មានទីលំនៅភូមិភ្នំពេញ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់ពីករណីនេះកើតឡើង ធ្វើឲ្យមានការភ្ញាក់ហើយត្រូវបានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តនៅក្បែរនោះបានចេញទៅធ្វើអន្តរាគមន៍ចំនួន១គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេដោយសារប្រជាពលរដ្ឋនិងសមត្ថកិច្ចឈរជើងក្បែរនោះយកបំពង់ពន្លត់អគ្គិភ័យបាញពន្លត់ទាន់ពេល ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន២បំពង់ព្រមទាំងប្រើប្រាស់ប្រព័ន្ធទឹកសុវត្ថិភាពផ្សារកំពង់ធំអស់ចំនួន៣គូបទើបរលត់ទាំងស្រុង កុំអីមានគ្រោះអាសន្នឆេះដល់ស្ថានីយប្រេងឥន្ធនៈក្បែរនោះផងក៏មិនដឹង ៕ ប្រាថ្នា