ខេត្តពោធិ៍សាត់៖ នគរបាលស្រុកតាលោសែនជ័យឃាត់បុរសម្នាក់ ករណីវាយឪពុកបង្កើតបណ្តាលឲ្យរងរបួសធ្ងន់ ខណៈរូបគាត់បានស្តីបន្ទោស ឲ្យជនសង្ស័យត្រូវជាកូន ហើយក៏មានការឈ្លោះប្រកែកគ្នា ដោយជនសង្ស័យចោទមកលើរូបគាត់ថា ស្រឡាញ់កូនមិនស្មើគ្នា ភ្លាមៗនោះជនសង្ស័យក៏ស្ទុះទៅយកដំបងឫស្សីឈើច្រត ទៅវាយចំក្បាលរបស់គាត់ បណ្តាលឲ្យរងរបួសធ្ងន់ (ដេរ២០ថ្នេរ) ហេតុការនេះកើតឡើងនៅចំណុច ភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៦ និង២០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។
មន្ត្រីនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ សៀក រ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ណុប សៀក អាយុ៦៨ឆ្នាំ ទាំង២នាក់ត្រូវជាឪពុក និងកូន និងមានទីលំនៅក្នុង ភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានបន្តទៀតតថា៖ ការចាប់ខ្លួនជនសង្ស័យគឺធ្វើឡើង តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ និងមានការសម្របស្រួលរបស់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាប់ខ្លួនជនសង្ស័យឲ្យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីចាត់ការតាមនីតិវិធី ៕ បុឹម ពិន