ខេត្តកែប ៖ ព្រះអគ្គិភ័យបានឆេះ រោងសិប្បកម្មកែច្នៃសង្ហារឹមមួយកន្លែងដែលមានដាក់ម៉ាសុីនរ៉ៃសម្រាប់អារឈើ បង្កការភ្ញាក់ផ្អើលទាំងជាងពាក់កណ្តាលអធ្រាត្រ ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតសម្ភារៈ និងឧបករណ៍ប្រើប្រាស់ជាច្រើន ។
ហេតុការណ៍មានអគ្គិភ័យនេះបានកើតមានឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ កុម្ភៈ ២០២០ ស្ថិតនៅ ភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
បើតាមការឲ្យដឹងពី ឈ្មោះទី ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើធ្វើជាសង្ហារឹមខាងលើបាននិយាយសមត្ថកិច្ចឲ្យដឹងថា ការឆេះរោងសិប្បកម្មនេះ គឺមិនមានអ្នកណាលួចដុតទេគឺឆ្លងចរន្តអគ្គិសនី ព្រោះមានខ្សែភ្លើងជាច្រើនត្រូវបានបុគ្គលិកអគ្គិសនីរាយ នៅលើដំបូលសិប្បកម្មរបស់គាត់ ហើយសង្ស័យខ្សែភ្លើងចាស់ៗផងធ្វើឲ្យឆ្លងចរន្តក្លាយជាអគ្គិភ័យបែបនេះ ។ ខ្សែភ្លើងដែលគេរាយលើដំបូលយ៉ាងរញ៉េរញ៉ៃយ៉ាងនេះធ្វើឲ្យគាត់មានការព្រួយបារម្ភជាយូរមកហើយ រហូតពេលនេះឆ្លងចរន្តឆេះរោងសិប្បកម្មរបស់គាត់ទាល់តែបាន ។
ប្រភពពីលោកអ៊ូ វណ្ណារិទ្ធ មេបញ្ជាការកងរាជអាវុធហត្តស្រុកដំណាក់ចង្អើរនិយាយថា ការឆេះរោងសិប្ប កម្មនេះ មិនមានពលរដ្ឋណាម្នាក់រងគ្រោះទេ គ្រាន់តែឆេះទ្រព្យសម្បត្តិតែប៉ុណ្ណោះ ។
ចំណែក លោកភូវ សុវណ្ណ អធិការនគរបាលស្រុកដំណាក់ចង្អើរបាននិយាយប្រាប់ឲ្យដឹងថា ការឆេះរោងសិប្បកម្មនេះ កើតឡើងនៅជាងពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ហើយភ្លើងនៅមិនទានរលត់ទាំងស្រុងទេនៅមានរងើក និងផ្សែងហុយនៅឡើយ លុះព្រឹកឡើងយើងបានយករថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹកពន្លត់បន្ថែមខ្លាចឆេះរាលដាល់ដល់លំនៅឋានពលរដ្ឋឯទៀតៗនៅក្បែរនោះ៕ សហការី
គេមិនបានដឹងយ៉ាងម៉េចទេ រោងសិប្បកម្មមួយនេះ មេព្រៃធ្លាប់ដកម៉ាសុីនរៃម្ដងរួចហើយ កាលពីពេលថ្មីៗតែក្រោយមក ស្រាប់ដំឡើងរោងសិប្បកម្មធំលើសដើម ថែមទាំងដាក់ម៉ាសុីនរ៉ៃដ៏ធំមួយ មិនធ្លាប់មាននៅលើទឹកដីខេត្តកែបទៀត ៕ ប្រាថ្នា