បាតុករបានគប់ដុំថ្ម និងគ្រាប់ស៊ុតទៅលើរដ្ឋសភាលីប្រទេសលីបង់ រហូតបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស ខណៈសភាបានផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីរបស់ប្រទេសលីបង់។
ក្រុមបាតុករ កាលពីថ្ងៃទី១១ ខែកុម្ភៈ បានចេញមកតាមដងផ្លូវនានា ក្នុងទីក្រុងបេរូត ដើម្បីទាមទារឲ្យសភាបញ្ឈប់ការបោះឆ្នោត ផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក Hassan Dia នាយករដ្ឋមន្រ្ដីលីបង់។ ក្រុមប៉ូលិសកុបកម្ម បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងរថយន្ដបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ។ រីឯក្រុមបាតុករវិញ ក៏បានប្រើប្រាស់ដុំថ្ម និងស៊ុត គប់ទៅលើកងកម្លាំងសន្ដិសុខវិញដែរ។
បណ្ដាញផ្សព្វផ្សាយ ក្នុងតំបន់ បានផ្សាយថា ក្រុមបាតុករ បានទាមទារឲ្យរដ្ឋសភា បញ្ឈប់ការបោះឆ្នោតផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មីរបស់លោក Hassan Dia និងគណៈរដ្ឋមន្រ្ដីរបស់លោក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីរបស់ប្រទេសលីបង់ ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្តពីរដ្ឋសភា ក្នុងសំឡងគាំទ្រ៦០ ទល់នឹងសំឡេងប្រឆាំង២០។ ការប៉ះទង្គិចគ្នាខាងលើនេះ យ៉ាងហោចណាស់ ក៏បានបណ្ដាលឲ្យមនុស្សយ៉ាងតិច៣៧០នាក់ រងរបួសផងដែរ។
លោក Lama Tabbara បាតុករម្នាក់ បានថ្លែងថា ប្រជាពលរដ្ឋលីបង់ កំពុងតែរងការឈឺចាប់យ៉ាងខ្លាំង តែរដ្ឋាភិបាលមិនបានស្ដាប់នោះឡើយ។ ការឈឺចាប់នេះ បានចាក់ឫស នៅក្នុងសង្គម ហើយរដ្ឋាភិបាលថ្មី ត្រូវតែបង្ហាញនូវសុច្ឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ រីឯការធ្វើបាតុកម្មរបស់ពលរដ្ឋលីបង់ ប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ ក៏ដោយសារមិនមានទំនុកចិត្តលើរដ្ឋាភិបាល។
បើយោងតាមសារព័ត៌មានអារ់ាប់ ចេញផ្សាយ កាលពីសប្ដាហ៍មុន បានឲ្យដឹងថា ពលរដ្ឋលីបង់ ប្រហែល៤០ភាគរយ កំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ។ បើតាមរបាយការណ៍ បានបញ្ជាក់ថា ប្រសិនបើវិបត្ដិសេដ្ឋកិច្ចរបស់ប្រទេសលីបង់ នៅតែញាំញីបន្ដទៀត តួលេខនេះអាចនឹងកើនឡើង រហូតដល់ទៅ៧០ភាគរយ។ យុវជនលីបង់ ដែលទទួលបានការអប់រំខ្ពស់ ៧នាក់ ក្នុងចំណោម១០នាក់ ចង់ធ្វើចំណាកស្រុក។
ប្រទេសលីបង់ បានញាំញីដោយបំណុលបរទេស ប្រហែល៨០ពាន់លានដុល្លារអាមេរិក និងវិបត្ដិសេដ្ឋកិច្ច ទើបលោក Saad Hariri នាយករដ្ឋមន្រ្ដីលីបង់ បានធ្វើកំណែទម្រង់ ដើម្បីទប់ទល់នឹងវិបត្ដិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងប្រទេសនេះ។ នៅក្នុងកំណែទម្រង់ថ្មីនោះ ក៏បានដំឡើងពន្ធជាច្រើនប្រភេទ រួមមាន តម្លៃប្រេងសាំង ថ្មីជក់ និងកម្មវិធីផ្ញើសារតាម What’s app ជាដើម។
កំណែទម្រង់ថ្មីនោះ បានបង្កឲ្យមានរលកបាតុកម្ម ពាសពេញផ្ទៃប្រទេស ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ក៏នៅតែធ្វើបន្ដរហូត។ ដោយសារតែរលកបាតុកម្មនេះ ទើបលោក Saad Hariri សម្រេចចិត្ដលាលែង ចេញពីតំណែង ហើយបើកផ្លូវឲ្យប្រទេសលីបង់ ជ្រើសរើសនាយករដ្ឋមន្រ្ដី៕