ខេត្តបន្ទាយមានជ័យ៖ ពុំនូកចំបើងមួយកន្លែងសម្រាប់យកមកបណ្តុះផ្សឹត បានក្លាយទៅជាចំណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រៃទទឹង ឃុំ ភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ៖ម្ចាស់ចំបើងឈ្មោះ ជា វុទ្ធី ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ តាមការរៀបរាប់ពីម្ចាស់ចំបើងបាននិយាយថា ចំបើងទាំងនេះ គាត់បានប្រមូលទិញពីគេដោយចងជាដុំ ក្នុង១ដុំតម្លៃ៣,០០០ រៀល យកមកទុកក្នុងរោង ដែលធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ១២ម៉ែត្រគុណ២៥ម៉ែត្រ រង់ចាំទុកបណ្តុះផ្សិត ចំនួនចំបើងទាំងអស់មាន៨,០០០ដុំ ។
ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ម្តាយម្ចាស់ចំបើងគាត់ បានប្រមូលអំពុកចំបើងចាស់ដុតហើយ មិនបាននៅមើល បណ្តាលឲ្យភ្លើងបានរាលដាលឆេះ កន្លែងពុំនូកចំបើងដែលទើប ទិញមកទុកបណ្តុះផ្សិតនោះ ដោយគ្មានអ្នកណាដឹង លុះភ្លើងឆាបឆេះសន្ធោរសន្ធៅ ទើបបានដឹង ក៏ហួសពេល រោងចំបើ និងចំបើងទាំងនោះបានឆេះអស់ទាំងស្រុង បើគឹតពីតម្លៃនៃការខូចខាតជាទឹកប្រាក់ចំនួន២៥លានរៀល ។ តែក្នុងករណីអគ្គិភ័យនេះ គឺមិនបង្កឲ្យមនុស្សណាម្នាក់ និងមានការឆាបឆេះទៅដល់កន្លែងផ្សេងនោះឡើយ ៕ វណ្ណា