ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់រងរបួសធ្ងន់បាក់ភ្លៅ គ្រាដែលបើកម៉ូតូបុកគោយន្តកន្ត្រៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន២នាក់បានរងរបួសធ្ងន់បាក់ភ្លៅទាំង២នាក់ ពេលដែលបើកម៉ូតូទៅបុកគោយន្តកាលពីវេលម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិ៥៨ត្រង់ចំណុចស្ពានខាងត្បូងភូមិដំណាក់កកោះ ចម្ងាយប្រហែល២,៥០០ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ ជនរងគ្រោះទាំង២នាក់ឈ្មោះ ឃឹម វាសនា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកបើកបរម៉ូតូ របួសបាក់ភ្លៅខាងស្តាំ និងម្នាក់ទៀត ឈ្មោះ ព្រិច ពេទ្យយន្ត ភេទ ប្រុស អាយុ ២០ ឆ្នាំភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ អ្នករួមដណើររបួសបាក់ភ្លៅខាងស្តាំ ។

ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូក្នុងទិសដៅស្របជាមួយគោយន្តកន្ត្រៃ ពីរត្បូងទៅជើង ពេលដល់ចំណុចកើតហេតុ ដោយបើកម៉ូតូមានល្បឿនលឿន ហើយគោយន្តពុំមានភ្លើងបំភ្លឺគ្រប់គ្រាន់ក៏បុកគោយន្ត បណ្តាលឲ្យដួលម៉ូតូរបួសបាក់ភ្លៅទាំងអ្នកបើបម៉ូតូ និងអ្នករួមដំណើរ ក្រោយពីកើតហេតុអ្នកបើកគោយន្តបានបើករត់គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានជួយសង្រ្គោះដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕ វណ្ណា


ចែករំលែក៖