ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៥-១០៦ ចំណុចភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យរបួសមនុស្ស ០៣នាក់ (ធ្ងន់ ០១នាក់) និងខូចម៉ូតូ ០១គ្រឿង៖
រថយន្តម៉ាកហ៊ីនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ រតនៈគីរី 3A-0058 ទិសដៅពីជើងទៅត្បូងបត់ឆ្វេង ដោយឈ្មោះ មេស ហើម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិជាំត្រាច ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (មុខរបរបើកបររថយន្ត) នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកតាំងគោកដើម្បីសួរបំភ្លឺ ។
ម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1I-6350 ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ កែវ ម៉ាប់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ របួសស្រាល ពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរចំនួន០២នាក់ ប្រពន្ធឈ្មោះ វ៉ាន់ ឡុង អាយុ ២១ឆ្នាំ មុខរបរកម្មករ របួសស្រាល ពាក់មួកសុវត្ថិភាព ។ កូនឈ្មោះ បេន យូប៊ី ភេទប្រុស អាយុ ០២ឆ្នាំ របួសធ្ងន់ផ្នែកក្បាល ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ។
មូលហេតុបឋមបង្កដោយ អ្នករបើកបរថយន្ត បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូបើកមានល្បឿនលឿននៅចំណុចផ្លូវមានស្លាកសញ្ញាលេខបូក ៕ ប៊ុនរិទ្ធី