ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យទុស្សេខ្សែភ្លើង ឆាបឆេះក្នុងស្ថានីយប្រង LHR របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពត: មានករណីអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈ LHR មួយកន្លែងបណ្ដាលឲ្យមានមនុស្សពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយគេសង្ស័យថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ ៣ ម្ដុំផ្សារបឹងឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត ។

មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល ឈូកបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឃិន បញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិអន្លង់ចារ ឃុំចត្រី ស្រុកកោះស្ដេច ខេត្តព្រៃវែងនិង
ទី២ឈ្មោះ ឃិន ខេន ភេទប្រុស អាយុ ៣៤ ឆ្នាំ។ ទាំងពីរនាក់ធ្វើការនៅស្ថានីយ៍ប្រេងឥន្ធនៈខាងលើនិង រស់នៅភូមិឃុំជាមួយគ្នា ។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករទាំងពីរនាក់បានបំពេញការងារក្នុងស្ថានីយ៍ប្រេងឥន្ធនៈនេះដូចថ្ងៃធម្មតា ។ លុះពេលកើតហេតុស្រាប់តែមានឮសំឡេងផ្ទុះដោយការទុស្សេខ្សែភ្លើងនៅបារ៉ែតភ្លើងក្នុងស្ថានីយ៍ប្រេងឥន្ធនៈចេញជាអណ្តាតភ្លើងធំៗ ធ្វើឲ្យកម្មករទាំងពីរនាក់ភ័យខ្លាចឆេះដល់កន្លែងចាកសាំងក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់ធ្វើឲ្យអណ្តាតភ្លើងជះមកលើខ្លួនឯងរលាកពេញខ្លួនតែម្តង ។

ក្រោយកើតហេត សមត្ថកិច្ចនគរស្រុកឈូកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចុះទៅជួយធ្វើអន្តរាគមន៍ នៅទីតាំងខាងលើ រហូតរលត់ទៅវិញ ហើយបានបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឈូកភ្លាម ៕ ប្រាថ្នា


ចែករំលែក៖