ខេត្តត្បូងឃ្មុំ: អគ្គិភ័យបានឆាបឆេះគំនរស្តុកអេតចាយមួយកន្លែងខ្ទេចគ្មានសល់ ដែលគេសង្ស័យថាបណ្តាលមកពីគេដុតសំរាមក្បែរនោះ ហើយភ្លើងឆេះរាលដាល់គំនរអេតចាយក្លាយជាអគ្គិភ័យពេញបន្ទុកតែម្តង ។
ឧបទ្ទវហេតុនេះកើតឡើង វេលាម៉ោង១និង៣០នាទីរសៀល នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ នៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលឃ្លាំងស្តុកអេតចាយនេះជាកម្មសិទ្ធិរបស់ឈ្មោះហេង មករា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកខាងលើ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលជីរោទី៍២ បានឲ្យដឹងថា បន្ទាប់ពីមានអគ្គិភ័យនេះកើតឡើងខណៈគេសង្ស័យថាបណ្តាលមកពីគេដុតសំរាមក្បែរនោះ ធ្វើឲ្យកម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីរោរ៍ទី ២និងប្រជាពលរដ្ឋនៅក្បែរខាង បានយករថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំជួយពន្លត់ក្នុងរយៈពេលជិត១ម៉ោងទើបរលត់ជាស្ថាពរមិនរាលដាលដល់អ្នកជិតខាងឡើយនិងបានប្រើប្រាស់ទឹកអស់ចំនួនពីររថយន្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្ណុងករណីនេះបណ្តាលឲ្យ ខូចខាត ម៉ាស៊ីនគ្រីបអេតចាយចំនួន ១ គ្រឿង
និង អេតចាយចម្រុះមួយចំនួនធំ គិតជាទឹកប្រាក់រាប់ពាន់ដុល្លារ ៕ ប្រាថ្នា