ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានធ្វើការចុះស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើ បានប្រទះឃើញគំនរឈើចាស់យូឆ្នាំមកហើយដែលទុករាយប៉ាយពេញព្រៃ ក៏រឹបអូសយកទៅរក្សាទុក កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចចម្ការស្រូវ ស្ថិតនៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រោយពីកម្លាំងកងរាជអាវុធហត្ថចុះរឹបអូសឈើនៅចំណុចខាងលើឃើញមានឈើសរុបចំនួន៨កំណាត់ មានមុខកាត់ក្លុំបួនជ្រុង ប្រវែង២ទៅ៣ម៉ែត្រ ត្រូវជនមីនស្គាល់មុខយកទៅលាក់ទុកខុសច្បាប់ ហើយមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។
របាយការណ៍បន្តថា ឈើទាំងនេះត្រូវបានកម្លាំងអាវុធហត្ថស្រុកធ្វើការរឹបអូសនិងដឹកជញ្ជូនយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបណ្ដោះអាសន្នដើម្បីរង់ចាំប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែង និងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋលួចបង្ហើបឲ្យដឹងថា នៅក្នុងស្រុកអូរយ៉ាដាវនៃខេត្តរតនគិរីមួយនេះ ឈ្មួញនៅតែបន្តធ្វើសកម្មភាពកាប់ឈើនៅក្នុងព្រៃសហគមន៍និងដែនជម្រកសត្វព្រៃនៅឡើយ ប៉ុន្តែស្ថាប័នមានសមត្ថកិច្ចទាំងនេះមិនធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ ទើបឈ្មួញនិងជនខឹលខូចចេះតែលួចធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើជាហូរហែ ៕ ប្រាថ្នា