ខេត្តបន្ទាយមានជ័យៈ មនុស្សម្នាក់រងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចេរាចរណ៍លើផ្លូវដែក ដោយរថភ្លើងបុកគ្រឿងចក្រឈូសដី(សាសើ)របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ (ហាយវេ) កាលពីវេលាម៉ោង៧និង៥៥ នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រឈូសដី(សាសើរ) បានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើងមិនប្រយត្ន័ បណ្តាលឲ្យរថយន្តបុកក្រឡាប់ គ្រឿងចក្រឈូសដី សង្កត់អ្នកបញ្ជាគ្រឿងចក្ររងរបួសធ្ងន់ឈ្មោះរឿង វាសនា ភេប្រុសអាយុ៣២ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកគ្រឿងចក្រឈូសដី និងរថភ្លើងរងនូវការខូចខាតធ្ងន់ទាំង២គ្រឿង ។
ប្រភពដដែលបានបញ្ជាក់ថា៖នៅក្នុងហេតុការណ៍បណ្តាលឲ្យថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយ គ្រឿងចក្រឈូសដី(សាសើរ) បើកបំពានរំលោភសិទ្ធអាទិភាពរបស់រថភ្លើង។ករណីនេះ ភាគីតំណាងក្រុមហ៊ុនទាំងសងខាងបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង ៕ វណ្ណា