ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៧ល្វែង ស្មើនឹង១៥បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលមូលដ្ឋាននិងនគរបាលការិយាល័យពន្លត់អគ្គិភ័យចេញរថយន្តជាច្រើនគ្រឿងជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣០០ ក្រុម ទី៥៤ភូមិ៥សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពពីមន្រ្តីនគរបាលជំនាញពន្លត់អគ្គិភ័យ បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ណៃ ណន់ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ លក់សាច់ជ្រូក ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ប្រភេទសំណង់៖ សង់ពីឈើលើ និងថ្មក្រោម មានទំហ៊ុ១៧x២៤ម៉ែត្រ រងការខូចខាត ឆេះផ្ទះថ្មក្រោមឈើលើទំហំ៤x១៤ម៉ែត្រចំនួន ០៧ ល្វែង ស្មើនឹង១៥បន្ទប់អស់ទាំងស្រុង ។
មន្រ្តីដដែលបន្តថា ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួសនោះទេ ។ ដោយប្រើប្រាស់រថយន្តពន្ត់អគ្គិភ័យ ជួយធ្វើអន្តរាគមន៍សរុបចំនួន ២៩គ្រឿង មកពីអង្គភាព; រថយន្តមកពីស្នងការនបាលរាជធានីភ្នំពេញចំនួន ២០ គ្រឿង ; រថយន្តមកពីក្រសួងមហាផ្ទៃចំនួន ០៤ គ្រឿង ; ក្រុមហ៊ុនOCIC(កោះពេជ្រ និងជ្រោយចង្វា )ចំនួន ០៤គ្រឿង និងរថយន្តក្រុមហ៊ុនឯកជន ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៩ឡាន ស្មើនឹង១៧ម៉ែត្រគូប ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យនេះ កំពុងស្រាវជ្រាវ ៕ស រស្មី