ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿងនេះមកធ្វើការជំនុំជម្រះលើជនត្រូវចោទឈ្មោះ វិន សុបញ្ញា ក្រោមបទចោទករណី ប៉ុនប៉ងឃាតកម្ម ។
គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងក្លឹបកម្សាន្តមួយមានយីហោ «លុច្សសារី» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេ ជនត្រូវចោទឈ្មោះ វីន សុក្របញ្ញា ត្រូវជាកូនប្រុសរបស់លោកជំទាវ ញ៉ែម មរកត បានធ្វើសកម្មភាពបាញ់ប្រហារទៅលើនារីម្នាក់ដែលខ្លួនធ្លាប់ស្រឡាញ់ឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ បណ្ដាលឱ្យរងរបួសបាក់ភ្លៅ ព្រោះតែភ្លើងប្រចណ្ឌ ។ បន្ទាប់ពីកើតហេតុ ជនត្រូវចោទបានរត់គេចខ្លួនបាត់មួយថ្ងៃ ក៏ត្រូវក្រុមគ្រួសារនាំទៅសារភាពកំហុសនៅ ចំពោះមុខសមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។
ក្រោយពីកម្លាំងជំនាញបានឃាត់ខ្លួនជនត្រូវចោទរួចក៏បញ្ជូលទៅតុលាការ ដើម្បីទទួលទោសតាមច្បាប់ ដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនខ្មាន់កាំភ្លើង ដែលបាញ់នារីម្នាក់បាក់ភ្លៅ នៅក្នុងក្លឹបកម្សាន្ត «លុច្សសារី» ដាក់ពន្ធនាគារ រាជធានីភ្នំពេញ ជាបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ។ បន្ទាប់ពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើឈ្មោះ វីន សុក្របញ្ញា ពីបទ «ប៉ុនប៉ងឃាតកម្ម» យោងតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ដោយឡែក នគរបាលការពារពន្ធនាគាររាជធានីភ្នំពេញ (PJ) ក៏បានឲ្យដឹងដែរថា ក្នុងកំឡុងពេលតុលាការចេញដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ វិន សុបញ្ញា នៅពន្ធនាគារ (PJ) ជនត្រូវចោទរូបនេះ មិនបានវិលទៅដេកគុកវិញទេ ក្រោយរូបគេសុំមកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្សី ៕ស តារា