ភ្នំពេញ ៖ ស្ត្រីអនាថាម្នាក់បានដេកស្លាប់នៅកណ្តាលវាលស្រែក្នុងព្រៃយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅវាលស្រែ នៅភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងម្នាក់បានចេញពីផ្ទះទៅរកត្រី ខណៈដើរមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសាកសពស្ត្រីខាងលើដេកស្លាប់មានក្លិនស្អុយទៅហើយ ក៏ប្រញាប់ទៅប្រាប់អ្នកភូមិដើម្បីឲ្យចុះទៅមើលតែម្ដង ។
នៅពេលដែលអ្នកភូមិចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញសពស្រ្តីស្លាប់ពិតប្រាកដមែន និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលដង្កោដើម្បីឲ្យចុះទៅពិនិត្យមើលទីតាំងកន្លែងកើតហេតុ ។
ក្រោយពេលដែលបានទទួលព័ត៍មាននេះ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យខណ្ឌដង្កោ និងសហការជាមួយខាងជំនាញកុសល្យវិច័យការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះពិនិត្យសាកសព ។
ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា សពស្ត្រីរងគ្រោះខាងលើស្លាប់ដោយសារតែខ្យល់គរ ។ បច្ចុប្បន្ននេះ សាកសពស្ត្រីរងគ្រោះត្រូវបានលោកស្រីចៅសង្កាត់ដង្កោ និងលោកនាយប៉ុស្តិ៍លោកមេភូមិបានសហការគ្នាហៅរថយន្តដឹកយកទៅបូជានៅវត្តសំបូរមាស ៕ ភារ៉ា ដង្កោ