ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោ និងឲ្យអ្នកភូមិជួយពន្លត់ ខណៈម្ចាស់ផ្ទះមានការធ្វេសប្រហែសយកទៀនដាក់ក្បែរធុងសាំង កំពុងដាក់ចូលដប បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមនុស្សស្រី២នាក់រងរបួសរលាកជើង និងខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ រឿង ពុទ្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ចំណែកអ្នករងរបួសរលាកខ្លួនដៃជើងមានឈ្មោះឆាំ ឈា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករ និងឈ្មោះផាន់ និរតី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
រីឯផ្ទះដែលឆាបឆេះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្កសី និងជញ្ជាំងសង្កសី ខូចខាតទាំងស្រុង ចំណែកតូបលក់ឥវ៉ាន់ចាប់ហួយ ខូចខាតសម្ភារសាំង៦ប៊ីដុង, ស្រាបៀរ២០០កេះ, សម្ភារឥវ៉ាន់ចាប់ហួយ និងសំលៀកបំពាក់មួយចំនួនធំទៀតមិនទៀន់សរុបទឹកប្រាក់អស់ប៉ុន្មាននៅឡើយ ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុ ដោយម្ចាស់ផ្ទះមានការធ្វេសប្រហែស ភ្លេចខ្លួនយកភ្លើងទៀនមកដាក់ជិតពេលកំពុងបូមសាំងដាក់ដប ក៏បណ្តាលឲ្យឆាបឆេះបង្កការភ្ញាក់ផ្អើលនាំគ្នាជួយពន្លត់ និងបណ្ដាលឲ្យមានមនុស្សរងរបួស២នាក់ បញ្ជូនមកមន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈភ្លើងឆេះពេញក្រមុំមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ដោយមានអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានផងដែរ ៕ យឹម សុថាន