ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ៦ខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតស្ទើទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តកណ្ដាលៈ ដោយសារឆ្លងចរន្តអគ្គិសនី ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវអគ្គិភ័យឆាបឆេះរាលដាលតៗគ្នា បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ដែលហេតុការណ៍នេះ បានបង្កឲ្យមានការផ្អើលឆោឡោឡើងនៅវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងទទួលផែនបង្កា ពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថាផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆាបឆេះ និងប៉ះពាល់មានចំនួន៦ខ្នង ទី១_ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំងក្ដា មានទំហ៊ំទទឹង៥ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ជារបស់ឈ្មោះ ចេង សូរិយា ភេទប្រុសអាយុ២៧ឆ្នាំ ទី២_ផ្ទះធ្វើអំពីឈើប្រកសង្ក័សី ជញ្ចាំងក្ដា មានទំហ៊ុំទទឹង៥ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ជារបស់ឈ្មោះ ជា ប៊ុនរួន ភេទប្រុស អាយុ៣០ឆ្នាំ ទី៣-ផ្ទះឈើ ប្រក់សង្គ័សី ជញ្ជាំងក្ដា មានទទឹង៥ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ជារបស់ឈ្មោះ ណែម មុំ ភេទស្រី អាយុ៥៨ឆ្នាំ ។ ផ្ទះទាំង៣ខ្នងខាងលើនេះឆេះអស់ទាំងស្រុង ទី៤- ផ្ទះឈើ ប្រក់សង្ក័សី ជញ្ជាំងក្ដា ទទឹង៦ម៉ែត្រ  បណ្ដោយម៉ែត្រ ជារបស់ឈ្មោះ ភួង យ៉ិន ភេទប្រុស អាយុ៦៤ឆ្នាំ (ឆេះមួយកំណាត់មុខ) ទី៥- ផ្ទះឈើ ប្រក់សង្ក័សី ជញ្ចាំងក្ដា  ជារបស់ឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ៤៣ឆ្នាំ (ឆេះអស់មួយកំណាត់មុខ) និងទី៦-ផ្ទះរៀបឥដ្ឋ មិនទាន់បូក ប្រក់សង្ក័សី មានទំហ៊ុំទទឹង៥ម៉ែត្រ បណ្ដោយ៩ម៉ែត្រ ជារបស់ឈ្មោះយ៉ាត ថុន ភេទប្រុស អាយុ៤២ឆ្នាំ (ឆេះរោលៗដំបូលឡើងខ្មៅ) ។ ចំណែកសម្ភារៈខូចខាតមាន៖ ទូរទស្សន៍៤គ្រឿង ,ម៉ូតូ១គ្រឿង ,ប្រាក់២,៥០០,០០០រៀល ,ប្រាក់ដុល្លារ២០០ដុល្លារ ,ទូទឹកកក២គ្រឿង ,ម៉ាស៊ីនបោកខោអាវ២គ្រឿង ,ទូដាក់ខោអាវ២គ្រឿង និងសំភារៈមួយចំនួនផ្សេងទៀតផងដែរ ។

លោកឧត្តមសេនីយ៍ស្នងការរងបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិកើតហេតុ និងក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកក៏បានឲ្យរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុកមុខកំពូល១គ្រឿង ,រថយន្តពន្លត់អគ្គីភ័យខ្សាច់កណ្ដាល១គ្រឿង និងមានការសហការជាមួយរថយន្តអគ្គីភ័យខ័ណ្ឌជ្រោយចង្វា៣គ្រឿងបន្ថែមទៀត រួមទាំងប្រជាពលរដ្ឋជិតខាងនាំគ្នាជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹក៥រថយន្ត ទើបភ្លើងរលត់ជាស្ថាពរ ។

ចំពោះមូលហេតុវិញ គឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងចេញពីផ្ទះរបស់ឈ្មោះ ចេង សូរិយា ៕ ស្អាងជ័យ


ចែករំលែក៖