ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Facebook សម្រេចបិទចោលគណនីហ្វេសប៊ុកឈ្មោះ«ព័ត៌មានពិត ពីកម្ពុជា»  តាមសំណើក្រសួងព័ត៌មាន ក្រោយបង្ហោះបំភ្លៃការពិតពីជំងឺកូរ៉ូណាថ្មី

ចែករំលែក៖

ភ្នំពេញ ៖  លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន ​Facebook បានសម្រេចបិទចោល គណនី Facebook មួយដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» តាមសំណើរបស់ក្រសួងព័ត៌មាន ក្រោយបង្ហោះបំភ្លៃការពិតជាបន្តបន្ទាប់ អំពីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសកម្ពុជា។

លោក មាស សុភ័ណ្ឌ បានឱ្យដឹងថា ក្រសួងព័ត៌មានកម្ពុជា បានដាក់សំណើទៅកាន់ក្រុមហ៊ុន Facebook កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីឱ្យបិទ Facebook ខាងលើដោយសារតែបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន អំពីការផ្សាយព័ត៌មានក្លែងក្លាយស្តីពីរីករាយដាលនៃវីរុស COVID-19 ហើយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Facebook បានឆ្លើយមកកាន់ក្រសួងព័ត៌មានថាខ្លួនបានសម្រេចបិទគណនី Facebook ខាងលើតែម្តង។

បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានក្លែងក្លាយអំពីជំងឺកូរ៉ូណាថ្មីតាមបណ្តាញសង្គមនេះ ក្រសួងព័ត៌មានក៏បានស្នើឱ្យក្រុមហ៊ុន Facebook បិទគណនីមួយចំនួនទៀតផងដែរ ហើយក្រុមហ៊ុនក៏នឹងពិនិត្យមើលថាតើការផ្សព្វផ្សាយដោយបណ្តាញសង្គមទាំងនោះ ខុសនឹងគោលការណ៍របស់ក្រុមហ៊ុនឬយ៉ាងណា ហើយបើពិនិត្យឃើញថា វាត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ក្រុមហ៊ុនអាចនឹងបន្តបិទថែមទៀត។

កាលពីចុងខែមករា ឆ្នាំ២០២០ កន្លងទៅនេះ បណ្តាញសង្គមដ៏ធំរបស់សហរដ្ឋអាមេរិក Facebook បានប្រកាសថា ខ្លួននឹងចាត់វិធានការបន្ទាន់នានា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការបង្ហោះព័ត៌មានមិនពិត ឬខុសឆ្គងអំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ដែលកំពុងក្លាយជាក្តីកង្វល់ធំបំផុត នៃពិភពលោកទាំងមូល។

ចាប់តាំងពីផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មីនេះ មាន Facebook មួយចំនួន បា​នបង្ហោះព័ត៌មានមិនពិត និងបង្កើតសារចែកចាយជាបន្តបន្តាប់ថាកម្ពុជាមានជំងឺកូរ៉ូណាថ្មី ដើម្បីបង្កការភ័យខ្លាចដល់ប្រជាជនកម្ពុជា។ ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ ក្រសួងសុខាភិបាល ក៏បានចេញមុខច្រាលចោលព័ត៌មាននេះជាបន្តបន្ទាប់ផងដែរ។

គួរកត់សម្គាល់ថា កម្ពុជាធ្លាប់បានរកឃើញករណីកូរ៉ូណាថ្មី ១ករណីប៉ុណ្ណោះ គឺនៅលើខ្លួនជនជាតិចិនម្នាក់ ដែលចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងនេះក្តី ជនជាតិចិនរូបនេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយបានចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០រួចហើយ៕ ប្រាថ្នា


ចែករំលែក៖