ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេវៃគោក្រោមស្ពានតាហោ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើលចោមរោមមើលយ៉ាងច្រើនកកកុញ របាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញបុរសម្នាក់ស្លាប់អណ្ដែតទឹកទន្លេវៃគោ និងអូសមកលើគោក ឃើញមានខ្សែលួសចងនឹងចង្កេះ និងមានចងភ្ជាប់នឹងកង់ សង្ស័យជារឿងឃាតកម្ម ។

ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្រោមស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសដែលប្រទះឃើញមាន ឈ្មោះឌុនចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

រហូតមកដល់វេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ជាជំហានដំបូងសមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យមិនទាន់កំណត់បានថា ជាករណីអ្វីពិតប្រាកដនោះទេ ដោយសមត្ថកិច្ចសន្និដ្ឋានបឋម គឺជនរងគ្រោះ អាចជិះកង់ធ្លាក់ចូលទឹកទន្លេហើយមិនចេះហែលបណ្ដាលអោយឈ្លក់ទឹកស្លាប់តែម្តង ៕ យឹមសុថាន


ចែករំលែក៖