ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ដង្ហើយរកសប្បុរសជនជួយ ដោយសារខ្វះខាតអគារសិក្សានៅសាលាបឋមសិក្សាសាមគ្គីរង្សី ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយសារតែកំណើនសិស្សានុសិស្សមានការកើនឡើងជាបន្តបន្ទាប់ បានធ្វើឱ្យសាលាបឋមសិក្សាមួយកន្លែងនៅក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺសាលារៀនបឋមសិក្សាសាមគ្គីរង្សី ដែលនៅមិនឆ្ងាយពីទីរួមខេត្តស្វាយរៀងប៉ុន្មាននោះទេ កំពុងតែជួបប្រទះនូវការលំបាកខ្វះអាគារសិក្សាជាខ្លាំង លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្ស បានដង្ហើយរកសប្បុរសជន និងក្រសួងអប់រំជួយសម្រួលដល់ការលំបាកនេះផង។

លោក អ៊ុ ឈន នាយកសាលាបឋមសិក្សាសាមគ្គីរង្សី ដែលមានទីតាំងជាមួយនឹងវត្តសាមគ្គីរង្សី នៅក្នុងភូមិ ឃុំខាងលើនេះ បានឲ្យដឹងថាសព្វថ្ងៃសាលាមាន អាគារសិក្សាចំនួន ៣ខ្នងរួចហើយ ២ខ្នងស្មើនឹង ៨បន្ទប់ និង១ខ្នងទៀតមាន៣បន្ទប់ ដែលមានសិស្សជាង៤០០នាក់កំពុងរៀនរាល់ថ្ងៃ ក្នុងនោះ១បន្ទប់ធ្វើជាទីចាត់ការ និងបណ្ណាល័យ។

លោកនាយកសាលាបឋមសិក្សាសាមគ្គីរង្សី បានបន្តថា ដោយសារតែមានកំណើនអ្នកចំណូលស្រុកច្រើន ដែលភាគច្រើនជាគ្រួសារកម្មកររោងចក្រ ដែលមានកូនតូច គ្រប់អាយុចូលរៀន ជាហេតុធ្វើឱ្យសិស្សមានចំនួនច្រើនពេក បានបណ្តាលឲ្យខ្វះអគារសិក្សាក៏ដូចជាបន្ទប់រៀនជាខ្លាំង ទើបសាលាបានរៀបចំឲ្យសិស្សថ្នាក់ខ្លះរៀន នៅក្រោមកុដ្ឋលោកសង្ឃជាដើម។

ទោះជាយ៉ាងណាក្តីលោកនាយក នាយករង លោកគ្រូអ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាសាមគ្គីរង្សី សូមគោរពអំពាវនាវសប្បុរជន និងថ្នាក់ដឹកនាំសូមមេត្តាជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីសាលាមានលទ្ធភាពសាងសង់អាគារសិក្សាឱ្យបានមួយខ្នងថែមទៀត ដើម្បីឲ្យសិស្សបានរៀសូត្រឱ្យត្រឹមត្រូវផង។

ពាក់ពន្ធ័ទៅនឹងបន្ទប់សិក្សានេះ លោក វ៉ា វុទ្ធី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយទាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០នេះថា នៅសាលាបឋមសិក្សាសាមគ្គីរង្សីនេះ ពិតជាខ្វះបន្ទប់សិក្សាមែន ហើយឥឡូវនេះកំពុងតែគៀងគរសប្បុរសជនដើម្បីជួយកសាងបន្ទប់រៀននេះផងដែរ។

សូមបញ្ជាក់ថា សាលារៀនគឺជាកន្លែងថ្នាលបណ្តុះធនធានមនុស្ស និងផ្ដល់នូវចំណេះដឹង ហើយបច្ចុប្បន្នសាលារៀននៅក្នុងប្រទេសកម្ពុជា គេឃើញមានស្ទើរគ្រប់ទីកន្លែង មិនថាទីប្រជុំជន និងជនបទឬតំបន់ដាច់ស្រយាលនោះទេ ៕ យឹមសុថាន


ចែករំលែក៖