មិនមែនក្រសួងសាធារណការ និងដឹកជញ្ជូនមិនដឹងអំពីបញ្ហាអសកម្ម លាយឡំដោយអំពើពុករលួយនៅស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនោះទេ ប៉ុន្តែអាចនិយាយបានថា វាជាប្រព័ន្ធនៃអំពើពុករលួយ ពីព្រោះថា ស្ថានីយថ្លឹងរថយន្តដទៃ ក្រោមឱវាទក្រសួងសាធារណការដែលមានអំពើពុករលួយ ត្រូវបានក្រសួងចាត់វិធានការ ប៉ុន្តែស្ថានីយថ្លឹងរថយន្តនៅថ្នល់ទទឹងនេះ មិនត្រូវបានថ្នាក់ដឹកនាំអើពើនោះឡើយ ។ ភាពមិនអើពើរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ គឺជាមូលហេតុ ដែលញាំងឲ្យពួកមន្ត្រីនៅស្ថានីយថ្លឹងរថយន្តខាងលើរិតតែបានដៃក្នុងការប្រព្រឹត្តអំពើពុករលួយ ។ ពួកគេមិនញញើតក្នុងការអនុញ្ញាតឲ្យរថយន្តលើសទម្ងន់ធ្វើសកម្មភាពនោះឡើយ ។
បើតាមប្រភពព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋដែលឃើញផ្ទាល់ភ្នែកអះអាងថា ជួនកាលរថយន្តដឹកទំនិញលើសទម្ងន់ចូលថ្លឹង ប៉ុន្តែខ្លះទៀតមិនចូលថ្លឹងនោះឡើយ ។ អ្នកបើកបររថយន្តដែលមិនចូលថ្លឹងទម្ងន់ គ្រាន់តែចុះពីលើរថយន្តហើយដើរសម្តៅទៅក្នុងស្ថានីយថ្លឹងរថយន្តរួច ក៏ត្រឡប់ឡើងរថយន្តបរទៅមុខទៀត ដោយមិនខ្វល់អ្វីទាំងអស់ ។ រីឯរថយន្តខ្លះដែលបានចូលទៅថ្លឹងទម្ងន់ ក៏ចាំបាច់ចូលទៅជួបមន្ត្រីនៅក្នុងស្ថានីយនោះដែរ ។ ករណីបែបនេះ គឺបានកើតមានជាចំហរ និងរៀងរាល់ថ្ងៃមិនថា យប់ ឬថ្ងៃនោះឡើយ ហើយវាជារឿងដដែលៗ ដែលបានកើតឡើងជាយូរណាស់មកហើយនៅក្នុងស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងមួយនេះ ។ គេមិនដឹងថា តើប្រធានស្ថានីយថ្លឹងរថយន្តថ្នល់ទទឹងធំជាងលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឬយ៉ាងណានោះទេ?
ប្រភពព័ត៌មានបានរាយការណ៍ថា មួយថ្ងៃៗរថយន្តដឹកលើសទម្ងន់រាប់រយគ្រឿងចរាចរណ៍ឆ្លងកាត់ស្ថានីយថ្លឹងទម្ងន់ថ្នល់ទទឹងទាំងបានចូលទៅថ្លឹង និងមិនបានចូលទៅថ្លឹង ។ ក្នុងមួយថ្ងៗ គេខ្សឹបខ្សៀវថា ចំណូលដែលបានពីការថ្លឹងរថយន្ត គិតជាទឹកប្រាក់រាប់លានរៀលឯណោះ ។ ប្រធានស្ថានីយថ្លឹងរថយន្តនេះ ត្រូវគេអះអាងថា មិនដែលខ្វល់ចំពោះការរិះគន់ ឬបទបញ្ជាថ្នាក់ដឹកនាំនោះឡើយ ។ ហេតុដូច្នេះហើយ បានជារថយន្តមិនចូលស្ថានីយថ្លឹងទម្ងន់ទាំងថ្ងៃក៏មាន ។ រីឯស្ថានភាពផ្លូវនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវគេមើលឃើញថា បានរងនូវការខូចខាតយ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ ក្រសួងសាធារណការ មិនចាប់អារម្មណ៍ចំពោះការខូចខាតផ្លូវនៅក្នុងខេត្តត្បូងឃ្មុំនោះទេ ។ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នៅតែជ្រួញចិញ្ចើមឆ្ងល់ថា តើគាត់មានអំណាចអ្វី បានជាថ្នាក់ដឹកនាំក្រសួងខ្លាចគាត់យ៉ាងនេះ ៕