ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី រ័ត្នខេមរុណ ករណីអតីតមន្ត្រីជាន់ខ្ពស់មួយរូប ប្តឹងលោក និងមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆបោកប្រាក់ជាង១០ម៉ឺនដុល្លារ ជារឿងមិនពិត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៍មានក្នុងស្រុក បានចុះផ្សាយថា មានករណីអតីតមន្ត្រីជាន់ខ្ពស់មួយរូបដែលលាក់អត្តសញ្ញាណ បានដាក់ពាក្យបណ្តឹងប្តឹងលោកឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ; លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ឈ្មោះ លី សុជាតិ ពីបទឆបោកប្រាក់ជាង១០ម៉ឺនដុល្លារ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ តាមរូបភាពរត់ការយកតំណែងរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម តែមិនបានសម្រេច រួចគេចវេសរហូត ។ លោក ឌី រ័ត្នខេមរុណ បានអះអាងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា លោក និង លោក ខេន សុវណ្ណ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនជាប់ពាក់ព័ន្ធករណីខាងលើនេះទេ គឺមានគេប្រឌិតឡើង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកតែប៉ុណ្ណោះ ហើយលោកនឹងឲ្យមេធាវីដាក់ពាក្យប្តឹងទៅដើមបណ្តឹងនោះវិញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។

លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា ដោយឡែកបុគ្កលខាងលើនេះ បានចោទប្រកាន់លោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ឈ្មោះ លី សុជាតិ ; ឈ្មោះ ខេន សុវណ្ណ និង ឈ្មោះ ឌី រ័ត្នខេមរុណ បានណាត់ជនរងគ្រោះឲ្យទៅជួបនៅភោជនីយ៍ដ្ឋាននាគក្រហម ទល់មុខទីស្នាក់ការកាកបាទក្រហមកម្ពុជា ដើម្បីនិយាយធានារឿងរត់ការឡើងតំណែងជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងតម្លៃ៣០ម៉ឺនដុល្លារ អាមេរិក ជារឿងមិនពិតទេ ព្រោះលោកមិនដែលស្គាល់គ្នា ឬបានជួបគ្នាម្តងណាឡើយ ។

ជុំវិញបញ្ហានេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នេះថា លោកនិងលោក ខេន សុវណ្ណ មិនបានដឹងរឿងនេះទេ គឺ គេប្រឌិតឡើង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកតែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ លោកកំពុងឲ្យមេធាវីដាក់ពាក្យបណ្តឹងប្តឹងដើមបណ្តឹងនោះវិញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដើម្បភាពស្អាតស្អំរបស់លោក ៕ស តារា


ចែករំលែក៖