ភ្នំពេញ៖ ស្រ្តីសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះនាំគ្នាឡោមព័ន្ធចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពរូតកាបូបស្ពាយលួចយកកាបូបលុយបានសម្រេចហើយ ប្រុងរត់គេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលតែម្តង ។
ករណីចោរលួចកាបូបលុយខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចផ្សារង៉ិនអាន ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលប៉ុស្តិ៍ទួលសង្កែទី១ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សេង ស្រីដា អាយុ២០ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ; និងទី២ឈ្មោះ ប៊ុនធឿន សុនីតា អាយុ១៨ ស្នាក់នៅភូមិកណ្តឹងតូច ឃុំត្រពាំងលើ ស្រុកបាទី ខេត្តតាកែវ (ជាអ្នកធ្វើសកម្មភាពលួចកាបូប) ។ ចំណែកជនរងគ្រោះឈ្មោះ តុប ស្រីពៅ អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់កាបូបក្នុងនោះមានលុយចំនួន៦០ម៉ឺនរៀល ។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទិញអីវ៉ាន់ ក្នុងផ្សារខាងលើ បន្ទាប់ពីទិញរួច គាត់បានស្ពាយកាបូប ពណ៌ខ្មៅ នៅក្រោយខ្នង ដោយនៅក្នុងកាបូបពណ៌ខ្មៅនោះ មានកាបូបលុយពណ៌ក្រហមមួយទៀត ដោយដើរចេញមកខាងក្រៅ រួចក៏ឈប់ទិញនំទុកឲ្យកូន ។ ស្រាប់តែកំពុងទិញនំនោះ មាននារីសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានមកធ្វើសកម្មភាពរូតយកកាបូបលុយ ពណ៌ក្រហមរបស់គាត់បានសម្រេចហើយ ក៏ដើរចេញបានបន្តិច គាត់ក្រឡេកឃើញទាន់ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ ចាប់នារីសង្ស័យនិងបក្ខពួកបាន២នាក់ យកទៅប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។
បច្ចុប្បន្ននារីសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ អារុណរះ