ព័ត៌មានទាន់ហេតុការណ៍៖

គំរាមបង្ហោះរូបអាក្រាតកាយតាមបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈព្រោះខឹងខាងស្រីជិតរៀបការ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ ព្រោះតែខឹងនឹងនារីដែលខ្លួនធ្លាប់រស់នៅជាមួយគ្នាអស់រយះពេលជិត៣ឆ្នាំមកហើយ ជិតចូលរោងការ ក៏គំរាមកំហែងទៅខាងស្រីមិនឲ្យរៀបការដោយនិយាយថា ប្រសិនបើរៀបការ ខ្លួននឹងយករូបអាក្រាតកាយដែលបាននៅជាមួយគ្នានោះ និងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ជាហេតុធ្វើឲ្យខាងស្រីជាជនរងគ្រោះមានភាពភ័យខ្លាច និងខ្លាចមានភាពអាម៉ាស់ ក៏សម្រេចចិត្ដដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនតែម្ដង ។ ករណីនេះ ចាប់ខ្លួននេះ ធ្វើឡើងក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២០ ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្ដកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ។

មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានអាយុ២២ឆ្នាំ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា កាលពីអំឡុងឆ្នាំ២០១៧ នារីរងគ្រោះ បានស្គាល់និងធ្វើការក្នុងរោងចក្រជាមួយជនសង្ស័យនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយមក នារីរងគ្រោះ និងជនសង្ស័យក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតបានរួមរស់ជាមួយគ្នា ហើយជនសង្ស័យតែងតែថតរូបអាក្រាតកាយរបស់នារីរងគ្រោះទុកក្នុងទូរស័ព្ទដៃរបស់ខ្លួនជានិច្ច ។ លុះមកដល់ឆ្នាំ២០១៩ នារីរងគ្រោះបានដឹងថា ជនសង្ស័យមានប្រពន្ធ និង មានកូនពីរនាក់ទៀត ទើបនាងសុំបែកគ្នា ប៉ុន្តែជនសង្ស័យមិនព្រមទេ ថែមទាំងនិយាយគម្រាមកំហែងថា មិនរៀបការទេ បើហ៊ានរៀបការ ខ្លួននឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតែម្ដង ។ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នារីរងគ្រោះបានភ្ជាប់ពាក្យជាមួយគូរដណ្ដឹងរបស់ខ្លួន ខណៈភ្ជាប់ពាក្យបាន២ថ្ងៃ ជនសង្ស័យក៏បានឆាតប្រាប់ទៀតថា មិនឲ្យរៀបការទេ បើមិនដូច្នោះ ខ្លួននឹងធ្វើឲ្យនាង ត្រូវសងបណ្ណាការគេ និងគំរាមសម្លាប់ជាច្រើនលើកច្រើនសារ បន្ទាប់មកជនសង្ស័យបានផ្ញើររូបអាក្រាតកាយរបស់នារីរងគ្រោះ ដែលធ្លាប់ដេកជាមួយខ្លួន ទៅគូរដណ្តឹង និងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូរដណ្តឹងរបស់នារីរងគ្រោះ បានសុំផ្តាច់ពាក្យនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ដោយមិនព្រមរៀបការជាមួយនារីរងគ្រោះឡើយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះក៏ដោយ ។

ប្រភពដដែលបន្ដទៀតថា ដោយមានភាពអាម៉ាស់ និងត្រូវសងថ្លៃបណ្ដាការទៅខាងគូរដណ្ដឹង ក្រោយពីគូរដណ្ដឹងសុំផ្ដាច់ពាក្យ នារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីជួយអន្ដរាគមន៍ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើយកមកចាត់ការតាមច្បាប់ ។ បន្ទាប់ពីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រតិស្រាលទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ ភ្លាមនោះក៏ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បានធ្វើការចាប់ខ្លួនជនសង្ស័យនៅក្នុងរោចក្រនៅមួយកន្លែងនៅរាជធានីភ្នំពេញ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖