ខេត្តកណ្ដាលៈ បុរសជាជនជាតិវៀតណាមម្នាក់ បើកម៉ូតូចេញពីផ្លូវលំឆ្លងផ្លូវជាតិ ដោយមិនមើលឆ្វេងស្ដាំ ធ្វើឲ្យរថយន្ដមួយគ្រឿងបើកល្បឿនលឿនបុកពេញមួយទំហឹង បណ្ដាលឲ្យបុរសរងគ្រោះរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតនៅក្នុងភូមិខ្នារតាំងយូរត្បូង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ហ៊ុង ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិខ្នាតាំងយូរ ត្បូង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកFUJiKi វ៉េវ ធុនសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ 93.T.1.6737 ។ ចំណែកភាគីខាងរថយន្ដម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 Z- 4564 បើកបរដោយឈ្មោះ ថន សុខេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររត់តាក់ស៊ី មានទីលំនៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកម៉ូតូចេញពីផ្លូវលំ ឆ្លងទៅផ្លូវជាតិ ខណៈដែលឆ្លងផ្លូវជាតិនោះ ជនរងគ្រោះពុំមើលឆ្វេង មើលស្ដាំទេ ភ្លាមនោះក៏មានរថយន្ដមួយគ្រឿងបើកដោយល្បឿនលឿនឈប់មិនទាន់ ក៏បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ចុះធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ