ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស២នាក់ក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវ៧មករា ឋិតក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលក្នុងមូលដ្ឋានថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកហុងដា MSX គ្មានស្លាកលេខ បើកដោយ ឈ្មោះ សុខ ផារ័ត្នភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកក្នុងទិសដៅពីកើតទៅលិច មានអ្នករួមដំណើរម្នាក់ មានឈ្មោះ​ រិទ្ធ សុផៃ ភេទស្រីអាយុ២២ឆ្នាំ លុះបើកមកដល់ចំណុចកើតហេតុ ខាងលិចរោងចក្រ កាត់ដេរចម្ងាយប្រហែល២០០ម៉ែត្រ ចគណុចកើតហេតុមានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៩ ពាក់ស្លាកលេខបន្ទាយមានជ័យ1S-5132 បើកដោយ ឈ្មោះ ហាប់ ផាន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបើកមកដល់កន្លែងកើតហេតុ បានបើកប្តូរទិសទៅខាងកើតវិញ ស្របពេលនោះ ម៉ូតូ MSX បានបុកចំហៀងពេញខាងឆ្វេងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដួល អ្នកបើកម៉ូតូឌ្រីមរងបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបើកម៉ូតូម៉ាកហុងដា MSX និងអ្នករួមដំណើររងរបួសស្រាល ។

នគរបាលចរាចរណ៏ថា មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះកើតឡើងបណ្តាលមកពីម៉ូតូម៉ាកហុងដាឌ្រីម ប្តូរទិសមិនបានប្រុងប្រយ័ត្ន ទើបមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។

បន្ទាប់ពីក្រោយកើតហេតុម៉ូតូទាំង ២គ្រឿងត្រូវនគរបាលចរាចរណ៍ផ្លូវគោកយកមកទុក្ខនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖