ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់.កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ល្បាតក៏ប្រទះឃើញជិះឌុបគ្នាតាមផ្លូវបំរុងធ្វើសកម្មភាពលួចម៉ូតូណាដែលប្រជាពលរដ្ឋធ្វេរប្រហែស ភ្លាមនោះក៏ឃាត់ខ្លួនឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង ឧបករណ៍សម្រាប់កាច់.កម៉ូតូ មួយឈុត ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់នេះ ទី១-ឈ្មោះ ហួយ សីហា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាឡុង ស្នាក់នៅភូមិ បឹងជុំឃុំ តាព្រហ្ម ក្រុង កំពង់សោម ខេត្ត ព្រះសីហនុ (មានផ្ទុកសារធាតុញៀន) និងទី២-ឈ្មោះ ជា កុសល ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ ១៣៤អា ផ្លូវ លំ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុ ញៀន) ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់នេះ គឺកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ក្នុងមូលដ្ឋានរបស់ខ្លួន លុះមកដល់ចំណុចកើតហេតុខាងលើនេះ កម្លាំងជំនាញប្រទះឃើញបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួចក៏ឆែកឆេររកឃើញឧបករណ៍មួយឈុតសម្រាប់កាច់.កម៉ូតូ ហើយនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍តែម្តង ។
សម្ភារដកហូតរួមមាន៖ម៉ូតូ០១គ្រឿងម៉ាក MSX ព៍ណ ស លាយលឿង ពាក់ស្លាកលេខ តាកែវ 1D 6044,ដែកចុងស្រួច ចំនួន០២ដើម, ដង្កាប់ចំនួន០១,ផ្លែរណាដែកចំនួន០១ ជារបស់ឈ្មោះ ហួយ សីហា ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ