ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនជាតិចិនម្នាក់ រួមនឹងគ្រឿងញៀនជិតមួយគីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ជាមេក្លោងជួញដូរគ្រឿងញៀន ត្រវបានកម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ព្រមទាំងដកហូតគ្រឿងញៀនមួយចំនួនទម្ងន់ជិតមួយគីឡូក្រាម ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស្រី សុវណ្ណា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអជ្ញារង បានធ្វើការស្រាវជ្រាវ និងឈានទៅបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជូញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចមុខសណ្ឋាគារ (ញ៉ូម៉ូណែតភ្នំពេញ ហូថែល) តាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង៧ និង៣០នាទីយប់ ។

មន្រ្តីដដែលបន្តថា ក្រោយប្រតិបត្តិការរួច ជាលទ្ធផលកម្លាំងជំនាញ បានឃាត់ខ្លួនសង្ស័យម្នាក់ ឈ្មោះ ហ្វ័ង យៀកឆឹង(WANG YUECHENG) ភេទប្រុស កើតនៅថ្ងៃ ២០ ខែមិថុនា ឆ្នាំ១៩៦៧ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA 0509719 មុខរបរមិនពិនប្រាកដ ។ វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ០១កញ្ចប់ធំ ស្មើទម្ងន់ ៩៩៤.១០ក្រាម ; ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖