ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យភ័យនឹងគេដេញវាយ ជិះម៉ូតូទៅបុកគូទរថយន្តស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងពីរនាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផឹកស្រាក្រឡុកមួយកន្លែងជ្រុលទៅបុកទូថរថយន្តមួយគ្រឿងមិនចាំម៉ាកពេញទំហឹង កាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០០៤ នៅចំណុចស្តុប ២០០៤ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីកែងនឹងផ្លូវ ២០១១ ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះភា សម្ផស្ស ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរជាងជួសជុលរថយន្តស្នាក់នៅភូមិជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកអ្នករងរបួសពីនាក់មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីយុវជនម្នាក់ដែលត្រូវជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំងបី នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1GR-3080 ទើបនឹងចេញពីផឹកស្រាក្រឡុកមួយកន្លែងនៅម្ដុំវត្តបុទុមគោលបំណងជិះត្រឡប់មកកន្លែងស្នាក់នៅវិញដោយធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុម្នាក់និង ពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា យុវជនទាំងបី នាក់ខាងលើជិះម៉ូតូក្នុងល្បឿនលឿនដោយសង្ស័យមានគេដេញវាយពីក្រោយទើបបណ្ដាលឲ្យជ្រុលទៅបុករថយន្តពេញទំហឹងតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុករង់ចាំប្រគល់ជូនសាច់ញាតិវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ​


ចែករំលែក៖