ភ្នំពេញ ៖ ប្រជាពលរដ្ឋ ក៏ដូចអ្នកដំណើរ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈអគ្គិភ័យមួយបានឆាបឆេះគុម្ពត្រែងក្បែរផ្ទះពួកគាត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែងជាប់ផ្លូវ ឌួង ងៀប ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញមានផ្សេងហ៊ុយតិចៗក្នុងដីឡូត៍ខាងលើ ភ្លាមនោះក៏ស្រាប់តែមានអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ និងរាលដាលឡើងៗ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងមានការភ័យខ្លាចជាខ្លាំង ទើបរាលការណ៍ទៅអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ឲ្យយករថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ជាបន្ទាន់ ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ គេសង្កេតឃើញអាជ្ញាធរ សមត្ថកិច្ច និងកងរាជអាវុធហត្ថ បានសហការគ្នាយ៉ាងសស្រាក់សស្រាម និងប្រើប្រាស់ទឹកអស់ចំនួន៤ឡានក៏រលត់ទៅវិញជាស្ថាពរ ។ ចំពោះមូលហេតុនៃការឆាបឆេះខាងលើនេះ គឺបណ្ដាលឲ្យគេលួចដុត និងសំណាងល្អមិនបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួស និងគ្រោះថ្នាក់នោះឡើយ ហើយក៏មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋផងដែរ ៕ ភារ៉ា ដង្កោ