ខេត្តស្វាយរៀង៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ ឃើញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងចំនួន ១៥២លើក ថយចុះ ១៤លើក ស្មើនឹង៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨បណ្ដាលឲ្យមនុស្សស្លាប់ ៩៣នាក់ កើនឡើង ១៥នាក់ ស្មើនឹង ១៦% ។ ពិធីនេះប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តផែនការសកម្មភាពស្ដីពី ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងបានប្រាប់មន្ត្រីជំនាញត្រូវណែនាំ អប់រំ ព្រមទាំងអនុវត្តវិធានការច្បាប់ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹងម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែង ឬយោគយល់ជាដាច់ខាត ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ រថយន្តដឹកទំនិញធុនធំ រថយន្តកុងទីន័រ និងអ្នកបើកបររថយន្តដឹកអ្នកដំណើរ (រថយន្តក្រុង)។
លោកក៏ បានផ្តាំផ្ញើសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍គ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្ដោតជាសំខាន់លើការបើកបរហួសល្បឿនកំណត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ឬសារធាតុញៀន មិនប្រកាន់ស្ដាំ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ការ មិនគោរពសិទ្ធិអាទិភាព ជាពិសេសធ្វើយ៉ាងណាឲ្យអ្នកបើកបរទោចក្រយានយន្ត ពាក់មួកសុវត្ថិភាពឲ្យបានច្រើនជាអតិបរមារនិង ត្រូវបង្កើនកម្មវិធីអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងចំណេះដឹងដែលពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវ នៅតាមសាលារៀន រោងចក្រ សហគ្រាស និងសហគមន៍ ជាពិសេសតំបន់ដែលនៅជាប់ផ្លូវជាតិ និងតំបន់ងាយរងគ្រោះ, គួររៀបចំ និងចាត់តាំងក្រុមការងារជាលក្ខណៈទ្រង់ទ្រាយតូចតាមខ្នងផ្ទះ ផ្សព្វផ្សាយខ្លឹមសារសង្ខេបខ្លីៗងាយយល់ពាក់ព័ន្ធនឹងបទប្បញ្ញត្តិចរាចរណ៍ ៕ យឹមសុថាន