ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះវិហារបញ្ជូន​គ្រឿងចក្រ​ និងអ្នកបច្ចេកទេសទៅធ្វើស្ពានឈើស្ទឹងស្តៅ​ ដែល​ភ្លើង​ឆេះ​ថ្ងៃមុនឡើងវិញ​

ចែករំលែក៖

​ខេត្តព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាន​បញ្ជូន​គ្រឿងចក្រ​និង​អ្នកបច្ចេកទេស​ទៅដល់​ទីតាំង​ស្ពាន​ស្ទឹង​ស្តៅ ដែល​រងការឆាបឆេះ​ដោយសារ​ភ្លើងឆេះព្រៃ នៅក្នុង​ស្រុក​សង្គម​ថ្មី​ប៉ុន្មានថ្ងៃមុននេះហើយ ប្រយោជន៍ធ្វើការសាងសង់ស្ពាននេះឡើងវិញ ។​ នេះបើតាមលោក សំ លាង​ទ្រី ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ ។

​លោក​ប្រធានមន្ទីបាន​គូសបញ្ជាក់បន្ថែមថា​ ជា​ជំ​ហាន​ដំបូង​មុននឹង​ធ្វើការ​ស្ថាបនា​សាង​សង់ស្ពាន​ស្ទឹង​ស្តៅ​នេះ​ឡើងវិញហើយ​ក្រុមការងារ​កំពុងតែ​មមា​ញឹក​ក្នុងការ​បោសសម្អាត បរិវេណ​នៅ​ជុំវិញ​ឱ្យបាន​ស្អាត​ល្អ​សិន ដូចជា​សម្អាត​ទីតាំង​ស្ពាន​ចាស់​ដែល​បាន​ឆេះ​និង​សម្អាត​គុម្ព​ឫស្សី​និង​ដើមឈើ​ងាប់​ផ្សេងៗ​ទៀត​ចៀសវាង​មានការ​ឆេះ​ព្រៃ​រាល​មក​ម្តងទៀត​។​

​សូមបញ្ជាក់ថា ​ស្ពាន​ស្ទឹង​ស្តៅ​នេះ​ត្រូវបាន​ភ្លើងឆេះព្រៃ​រាល​ដាលមក​ដល់បណ្តាលឱ្យ​ឆាបឆេះ​ដោយ​មិន​អាចជួយ​ពន្លត់​បាន​។​ស្ពាន​នេះ​ក៏មាន​សភាព​ចាស់​ទ្រុឌទ្រោមហើយដែរដោយ​មិនអាច​ធ្វើចរាចរ​ណ៍បានទេ​។​ដោយឡែក​អាជ្ញាធរខេត្ត​ក៏មាន​គម្រោង​រុះរើ​ស្ពាន​នេះ​ដើម្បី​សាងសង់​ស្ពានដែក​បេ​ឡេ​ជំនួស​វិញ​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​អង្គ​វេទិកាសាធារណៈ​ដោយវត្តមាន​ ទេសរដ្ឋមន្ត្រី​មាស​ សុភា​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​

ប៉ុន្តែ​មិនទាន់បាន​រុះរើ​សាងសង់​ថ្មី​ផង​ជា​អកុសល​ស្ពាន​នេះ​បាន​រង​ការឆាបឆេះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​រាល​ដាលមកដល់​។ ​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ​ដោយផ្ទាល់​ដល់ទី​តាំង​ស្ពាន​ស្ទឹង​ស្តៅ​ដែល​រង​ការឆេះ​ដោយ​ភ្លើងព្រៃ​នេះ​ និងមានផែនការធ្វើស្ពាននេះឡើងវិញ ៕ ប្រាថ្នា


ចែករំលែក៖