ព័ត៌មានទាន់ហេតុការណ៍៖

ដាក់កាសទូរស័ព្ទក្នុងត្រចៀកមិនឮរថភ្លើងស៊ីផ្លេ រថភ្លើងមកដល់បុកប៉ើងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថភ្លើងបុករថយន្តដឺកដីយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តក្រឡាប់បះកង់ និងរបួសធ្ងន់អ្នកបើកបររថយន្តម្នាក់ហើយត្រូវបានគេដឺកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់។

ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ ពុធ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងបង្កដឹកប្រេងមួយគ្រឿងធ្វើដំណើរមកដល់ចំណុចខាងលើក៏បុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដី ពណ៌លឿងមួយគ្រឿង ពាក់ស្លាកលេខ 3A-0317 ដែលរថយន្តនេះ បើកបរដោយ ឈ្មោះ ជូន ប្រសិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ខណៈអ្នកបើករថយន្តដឹកដីកំពុងបើកឆ្លងផ្លូវរថភ្លើងហើយដាក់កាសទូរស័ព្ទក្នុងត្រចៀក ស្តាប់ចម្រៀងមិនបានឮរថភ្លើងស៊ីផ្លេ និងមិនបានមើលឆ្វេងស្តាំឲ្យបានត្រឹមត្រូវ ។ ករណីនេះធ្វើឲ្យរថយន្តខ្ទាតពីផ្លូវរថភ្លើងជាង១០ម៉ែត្រ ក្រឡាប់ផ្អៀងមួយចំហៀង និងធ្វើឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់តែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកបាទី ឯរថភ្លើងបានបន្តដំណើរទៅមុខទៀតរង់ចាំមានដំណោះស្រាយពេលក្រោយតាមផ្លូវច្បាប់ជាមួយភាគីរថយន្ត ៕ ប្រាថ្នា


ចែករំលែក៖