ខេត្តស្វាយរៀង៖ បុរសជនជាតិSEYCHELLESម្នាក់ បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈដែលរូបគេបានយកទៅគោលដៅប្រថាប់ត្រាចេញពីប្រទេសវៀតណាម ។
ការឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦និង០៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ TRAN DENNIS ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ SEYCHELLES ត្រូវបានកម្លាំងជំនាញត្រួតពិនិត្យឃើញថា ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ បន្ទាប់ពីរូបគេបានយកលិខិតឆ្លងដែនទៅគោលដៅប្រថាប់ត្រាចេញពីប្រទេសវៀតណាម ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ប្រាថ្នា