ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបទីតាំង ស្តុកឈើល្មើសច្បាប់លាក់ទុកឈើជាច្រើនកន្លែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រោយពីចុះបង្ក្រាបម្តងហើយរួចមកហើយ ទៅលើរោងសិប្បកម្មល្មើសច្បាប់ នៅតែបន្តលួចធ្វើសកម្មភាពយ៉ាងគឃ្លើន ដឹកឈើល្មើសច្បាប់ យកមកលាក់ទុក រាយប៉ាយ នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ រួមទាំងរោងសិប្បកម្មដ៏ធំមួយ មានឈើមិនតិចម៉ែត្រគូប ដែលជាម្ចាស់ដីឡូត៍នេះតែម្តង មានចំនួន១៧កន្លែង នៅក្នុងដីឡូត៍នោះ ដែលមានម្ចាស់ឈ្មោះ(នាថ) អតីត:ថៅកែពន្លឺពេជ្រ នឹងអតីត:មន្ត្រីយោធាសិករងខេត្ត ដែលមានទីតាំងស្ថិតនៅ ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាយូណាស់មកហើយ លើកមុនធ្លាប់ចុះឆែកឆេរ និងធ្វើកំណត់ហេតុបញ្ចប់ម្តងហើយ តែលោកនៅតែបន្តព្រោះអាងខ្លួនធំម្នាក់ដែរ តែពេលនេះទើបមានបទបញ្ជាក្តៅគគុក របស់នាយឧត្តមសេនីយ៍សៅ សុខា ប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិ ថ្នាក់ជាតិនៅតែបន្តបង្ក្រាបមិនរើសមុខ និងមិនយោគយល់ឡើយ ឈើប្រគល់ឲ្យជំនាញ មនុស្សវាយខ្នោះ រថយន្តដែលជាមធ្យោបាយ បង្កឲ្យបទល្មើសត្រូវដុតចោល ។

នៅថ្ងៃនេះទើបបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត នឹងជំនាញរដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ចូលឆ្មក់ឆែកឆេចាប់រឹបអូស យកឈើទាំងនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោកវីរៈសេនីយ៍ឯកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអង្កេតតាមដាន នៅសកម្មភាពដឹកឈើ ដែលលួចបើកសិប្បកម្ម កែច្នៃឈើនៅក្នុងតំបន់នេះ ជាលក្ខណៈធ្វើអាជីវកម្មយូមកហើយ ហើយដឹកទៅលក់នៅក្រៅតំបន់ ទើបបាន សមត្ថកិច្ច សម្រេចបង្ក្រាបម្តងទៀត។

លោកបញ្ចាក់ថារោងសិប្បកម្មមួយនេះ ក៍ធ្លាប់ធ្វើការបង្ក្រាបម្តងដែរ តែគេនៅតែលួចបន្តដដែល ហើយក៍មិនម៉ែនលក្ខណៈគ្រួសារតូចតាចដែរ។

ដោយឡែក លោកសោ វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្ទឹងត្រែង ក៏បានបញ្ជាក់ផងដែរថា ករណី ចរាចរណ៍អាជីវកម្មឈើខុសច្បាប់ គប្បី ត្រូវតែចាប់រឹបអូស តាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ លោកបញ្ជាក់ថា ឈើដែលប្រជាពលរដ្ឋ ធ្វើលំនៅដ្ឋាន រដ្ឋបាលព្រៃឈើ ត្រូវបានលើកលែង។

ដោយឡែក លោករៃ ផេង ចៅសង្កាត់រងទី២សង្កាត់ស្រះឫស្សី លោកក៏បានបញ្ជាក់ផងដែរថា ឈើទាំងនេះ គឺជាប្រភេទឈើប្រណិត ដែលក្រុមឈ្មួញ យកមកធ្វើអាជីវកម្ម មិនមែនឈើធ្វើផ្ទះនោះទេ លោកក៍បានឯកភាពតាមសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធចូលបង្ក្រាប ក្នុងករណីនេះ។

ក្នុងនោះផងដែរ ខាងកម្លាំងកងរាជអាវុធហត្ថ ក៏បានចុះបង្ក្រាបដាច់ដោយឡែក ក្នុងតំបន់ដីឡូតិ៍នេះ ចាប់រឹបអូសឈើល្មើសច្បាប់ បានជាច្រើនមែត្រគូបផងដែរ កាលពីប៉ុន្មានខែមុនថ្មីៗនេះ។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែផ្ទៀងផ្ទាត់ មិនទាន់ដឹងចំនួនឈើពិត្រប្រាកដនោះទេ ហើយនិងកំពុងតែស្រាវជ្រាវ រកអ្នកពាក់ព័ន្ធក្នុងករណីនេះផងដែរ ហើយក៍នៅតែបន្តចុះឆែកឆេរោងសិប្បកម្ម លួចធ្វើកែឆ្នៃខុសច្បាប់បន្តទៀត ក្នុងទីរួមខេត្តទាំងមួលផងដែរ៕ មាស សុផាត


ចែករំលែក៖