ចំនួនអ្នកឆ្លងវីរុស កូវីដ–១៩ នៅចិន ក៏ដូចជាអ្នកស្លាប់ថយចុះ ប៉ុន្តែអ្នកឆ្លងនៅក្រៅប្រទេសចិនវិញបានកើនឡើងខ្ពស់ មិនធ្លាប់មាន ក្នុងនោះចំនួនអ្នកឆ្លងនៅកូវ៉េខាងត្បូង កើនឡើងខ្ពស់ ជាងចិន គិតក្នុងរយៈពេល ១ថ្ងៃៗ ។
នៅពេលនេះ
អង្គការសុខភាពពិភពលោក WHO បានបង្កើនការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ពីការឆ្លងរាលដាលនៃវីរុស កូវីដ–១៩ នៅក្រៅពីប្រទេសចិន ។ អគ្គនាយក អង្គការ WHO Tedros Adhanom Ghebreyesus បានប្រកាសថា «ពេលនេះយើងបានបង្កើនការប្រកាសអាសន្នពីការឆ្លងរាលដាលនៃវីរុសកូវីដ–១៩ ឡើងខ្ពស់បំផុត ។
គិតដល់យប់ថ្ងៃទី ២៨ ខែកុម្ភៈ វីរុសកូវីដ–១៩ បានឆ្លងរាលដាល់ដល់ប្រទេសចំនួន ៥៩ប្រទេសជុំវិញពិភពលោក ដោយបានឆ្លងរាលដាលដល់មនុស្ស ៨៤ ១៣២នាក់ សម្លាប់មនុស្ស ២៨៧៦ នាក់ ភាគច្រើននៅក្នុងប្រទេសចិន ។ ទន្ទឹមនឹងនោះក៏មានអ្នកព្យាបាលជាសះស្បើយពីវីរុសកូវីដ–១៩ ដល់ទៅជិត៤ម៉ឺននាក់ផងដែរ ជារឿងដ៏ប្រសើរបំផុត ។
នៅកូរ៉េខាងត្បូង ជាប្រទេសដែលមានអ្នកឆ្លងវីរុសកូវីដ–១៩ ច្រើនលំដាប់ទីពីរបន្ទាប់ពីចិន ។ក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃទី ២៨ ខែកុម្ភៈមានអ្នកឆ្លងវីរុសកូវីដ–១៩ ដល់ទៅ ៥៧១នាក់ គឺខ្ពស់ជាងអ្នកឆ្លង នៅប្រទេសចិនទៅទៀត ដោយក្នុងមួយថ្ងៃ ទី ២៨ ខែកុម្ភៈចិនមានអ្នកឆ្លងតែ ៣៣៥នាក់ប៉ុណ្ណោះ។
នៅក្នុងប្រទេសអ៊ីរ៉ង់ សភាបានសម្រេចផ្អាករាល់កិច្ចប្រជុំ របស់ខ្លួន ក្រោយពេលមានមន្ត្រី ជាន់ខ្ពស់ អ៊ីរ៉ង់ ៧រូប បានឆ្លងវីរុសកូវីដ–១៩ ក្នុងនោះមានទាំងអនុប្រធានាធិបតី រដ្ឋលេខាធិការ ប្រធានគណៈកម្មការសន្តិសុខ និងកិច្ចការបរទេស របស់សភាអ៊ីរ៉ង់។ ក្រៅពីនេះមានសមាជិកសភា អ៊ីរ៉ង់ ៣០នាក់ បានឆ្លងវីរុសកូវីដ–១៩។ តាមតួលេខផ្លូវការ អ៊ីរ៉ង់ មានអ្នកឆ្លងវីរុស ៣៨៨នាក់ ក្នុងនោះមាន ៣៤នាក់ស្លាប់ ។ ក្រៅពីនេះនៅមានប្រទេស ជប៉ុន អ៊ីតាលី គឺមានអ្នកឆ្លងនិងស្លាប់ ច្រើន បន្ទាប់ពីប្រទេសចិន ។
ជាមួយគ្នានោះដែរ អាមេរិក បានផ្ដល់សំណើជួយដល់ប្រទេសអ៊ីរ៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរលាកផ្លូវដង្ហើម ប្រភេទថ្មី ប៉ុន្ដែរដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ បានច្រានចោលសំណើនោះ។
លោក Mike Pompeo រដ្ឋមន្រ្ដីការបរទេសអាមេរិក បានថ្លែង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ថា អាមេរិកនឹងផ្ដល់ជំនួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ឬកូវីដ–១៩ នៅក្នុងប្រទេសអ៊ីរ៉ង់។ វីរុស រលាកផ្លូវ ដង្ហើម ប្រភេទ ថ្មី នេះ បានរាលដាល នៅក្នុងប្រទេសអ៊ីរ៉ងដោយបានសម្លាប់ពលរដ្ឋអ៊ីរ៉ង់ ចំនួន៣៤នាក់។
លោករដ្ឋមន្រ្ដីការបរទេសអាមេរិក ក៏បានលើកថា អាមេរិកនៅតែមានចម្ងល់ អំពីគោលបំណងរបស់រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ ក្នុងការចែករំលែកព័ត៌មាន។ យើងនឹងផ្ដល់ជំនួយដល់ប្រទេសនេះ ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណាប្រភេទថ្មី។
លោករដ្ឋមន្រ្ដីការបរទេសអាមេរិក បានថ្លែង នៅក្នុងសវនាការ ឯគណៈកម្មាធិការកិច្ចការបរទេសរបស់សភាថា ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅទន់ខ្សោយ។ រីឯគោលបំណងចែក រំលែកព័ត៌មាន ដែលបានកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ ក៏មានការបិទបាំងផងដែរ។ ដូច្នេះហើយទើបយើងមានការព្រួយបារម្ភ គឺអ៊ីរ៉ង់មិនបានចែករំលែងព័ត៌មានទាំងនេះទៅក្រៅប្រទេសឡើយ៕ ម៉ែវ សាធី