កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសថា នឹងអនុម័តលើកលែងទណ្ឌកម្មសេដ្ឋកិច្ចដល់កូរ៉េខាងជើង ដោយមូលហេតុមនុស្សធម៌ ដើម្បីជួយដល់ប្រទេសក្រីក្រមួយនេះ ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ ដែលកំពុងរាលដាលជិត៦០ប្រទេស ជុំវិញពិភពលោក។ លោក Christoph Heusgen ប្រធានគណៈកម្មការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង បានប្រកាសថា «បញ្ហាឆ្លងរាលដាល នៃវីរុសកូវីដ-១៩ បានជំរុញឲ្យអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្ម ដើម្បីឲ្យប្រទេសនេះ អាចនាំចូលសម្ភារពេទ្យ។
នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានកោះប្រជុំជាបន្ទាន់មន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះ ដើម្បីរកវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមប្រភេទថ្មី ឲ្យមានប្រសិទ្ធភាពបំផុត។
បច្ចុប្បន្នកូរ៉េខាងជើង មិន មានករណីឆ្លងវីរុស កូវីដ-១៩ ឬស្លាប់ ម្នាក់ណាឡើយ ប៉ុន្តែប្រទេសនេះបានបង្កើនការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបំផុត ។ សង្គ្រាមប្រឆាំង ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើង ចាត់ទុកថាជាបញ្ហានយោបាយ ដែលអាចសម្រេចជោគវាសនារបស់ប្រទេសជាតិ។
មេដឹកនាំ គីម ជុងអ៊ុនបានប្រកាសថា « ក្នុងករណីជំងឺផ្លូវដង្ហើមរាលដាល់ ហួសពីសមត្ថភាពគ្រប់គ្រង នោះ វាយនឹងបង្កឲ្យមានវិបត្តិ ជាច្រើននៅក្នុងប្រទេស»។ ដូច្នេះចាំបាច់ត្រូវតែមានវិធានការបង្កាជាមុនឲ្យមានប្រសិទ្ធភាព ដោយសារតែវីរុសនេះរាលដាលលឿន ហើយមិនដឹងភ្លាមៗនោះឡើយ។
នៅពេលនេះដែរ កូរ៉េខាងជើង ឲ្យបន្តបិទទ្វារសាលារៀនជាបន្តទៀត ឲ្យសិស្សផ្អាកទៅសាលា បើទោះបីមិនទាន់មានករណីឆ្លងក្តី។ នេះជាវិធីសាស្ត្របង្កាយ៉ាងមានប្រសិទ្ធភាពបំផុត។ ពេលវេលា បើកទ្វារឲ្យសិស្សចូលរៀនវិញមិនទាន់កំណត់នៅឡើយទេ ដោយរងចាំមើលស្ថានភាពនៃការឆ្លងរាលដាល កូវីដ-១៩ គ្រប់គ្រងបានទាំងស្រុងសិន៕ ម៉ែវ សាធី