ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឃាត់នាវាកាំមេរ៉ូនមួយគ្រឿង ដែលបានចូលមកបំពានដែនសមុទ្រកម្ពុជា និងធ្លាប់ធ្វើសកម្មភាពបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០នេះ។
អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា៖
នាវានេះមានឈ្មោះ MT -COURAGEOUS មានផ្ទុកនាវិក ១៦នាក់។ នាវានេះបានចេញពីកំពង់ផែ Kao Hsiung នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈ បានបោះយុទ្ធថ្កាបំពានដែនសមុទ្រកម្ពុជា នៅចន្លោះកោះតាង និងកោះប៉ូឡូវៃ។
សេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការនគរបាលជាតិបានឱ្យដឹងដែរថា៖ នាវាមួយគ្រឿងនេះធ្លាប់បានធ្វើសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើងផងដែរ។ នាវានេះ បានផ្ទេរទំនិញផ្សេងៗទៅកាន់ទូកដឹកទំនិញរបស់កូរ៉េខាងជើង។
បើតាមអគ្គស្នងការនគរបាលជាតិ បច្ចុប្បន្ននាវាមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចនគរបាលការព្រំដែនទឹក ឃាត់ និងបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងចាត់ការតាមច្បាប់។
មជ្ឈដ្ឋានពីប្រជាពលរដ្ឋជនរួមជាតិ គាំទ្រចំពោះវិធានការ សមត្ថកិច្ចកម្ពុជា បានធ្វើកិច្ចការនេះទាន់ពេលវេលា និងការពារដែនសមុទ្រកម្ពុជា៕ សហការី