ខ្សឹបដាក់ត្រចៀក៖មកកាន់តំណែងជាប្រធានស្ថានីយថ្លឹងរថយន្តនៅថ្នល់ទទឹងស្ថិតក្នុងឃុំជប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមិនទាន់ក្តៅគូទផង លោក គង់ សុភាព បញ្ចេញកណ្តាប់ដៃក្តៅ បង្ក្រាប ចំពោះរថយន្តដឹកលើសទម្ងន់ ដោយមិនលើកលែង។ នោះគឺជាការអនុវត្ត ច្បាប់ដ៏តឹងរុឹងដែលប្រជាពលរដ្ឋគាំទ្រ។ ប៉ុន្តែពួកមន្រ្តីតូចតាចនៅក្នុងអង្គភាពជញ្ជីង ខាងលើនេះខ្សឹបខ្សៀវថា វាជាវិធានការវ៉ៃស្មៅបង្អើលពស់ ដែលប្រមូលទាំងកូនក្អាត់ កូនកង្កែបមិនលើកលែងនោះឡើយ។ ប្រភពអះអាងថា គ្មានទេរថយន្តលើសទម្ងន់ ដែលត្រូវឆ្លងកាត់នៅស្ថានីយជញ្ជីងថ្នល់ទទឹង។ ប៉ុន្តែអ្នកមិនលើសទម្ងន់ក៏ត្រូវតែបង់ ជូនលោក គង់ សុភាព នោះដែរ។
ប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូនរាយការណ៍ថា ជាគោលការណ៍ រថយន្តដឹកលើសទម្ងន់៥តោនអាចធ្វើចរាចរណ៍បាន ដោយគ្រាន់តែបង់ប្រាក់ឲ្យស្ថានីយ ថ្លឹងទម្ងន់នីមួយៗ៣ម៉ឺនរៀល។ រីឯរថយន្តធំៗដឹកទំនិញ បើទោះបីជាមិនលើសទម្ងន់ ក៏ត្រូវជួយឧបត្ថម្ភស្ថានីយជញ្ជីងថ្លឹងទម្ងន់ ក្នុងរថយន្តមួយគ្រឿង២ម៉ឺនរៀល។ នៅតាម បណ្តោយផ្លូវជាតិលេខ៧ ដែលឆ្លងកាត់ស្ថានីយថ្លឹងទម្ងន់ថ្នល់ទទឹង មានរថយន្តដឹក ទំនិញទាំងលើសទម្ងន់ និងមិនលើសទម្ងន់រាប់រយគ្រឿងឯណ្ណោះ។ គេគណនាថា បើ ក្នុងមួយថ្ងៃមានរថយន្ត២០០គ្រឿងឆ្លងកាត់ ហើយមានរថយន្តលើសទម្ងន់៥តោន តែ ១០០គ្រឿង នោះគេអាចរកចំណូលបាន៣លានរៀល។ ចុះនៅរថយន្តដែលមិនលើស ទម្ងន់ តែត្រូវបង់ប្រាក់ដែរនោះ សរុបទៅក្នុងថ្ងៃគេអាចរកចំណូលបាន៥លានរៀលដែរ ។ ដូច្នេះវាមិនជាខ្សត់ខ្សោយពេកទេ។ ទៅរកឯណាបានលោក គង់ សុភាព បើក្នុង១ថ្ងៃអាចរកបានជាង១ពាន់ដុល្លារដែរនោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនទំនិញលើសទម្ងន់ពិតជា ត្រូវបានរឹតបន្តឹង ប៉ុន្តែប្រភពចំណូលនៅតែមានមិនដាច់ សម្រាប់ពួកមន្រ្តីនៅតាម ស្ថានីយថ្លឹងរថយន្តនីមួយៗ។ ជាពិសេសស្ថានីយថ្លឹងទម្ងន់នៅថ្នល់ទទឹង ក្នុងស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពួកមន្រ្តីតូចតាចនៅឯស្ថានីយថ្លឹងទម្ងន់ឯថ្នល់ទទឹងអះអាងថា វិធានការរបស់លោកប្រធានថ្មី គឺមិនលើកលែងចំពោះរថយន្តដឹកលើសទម្ងន់ហួស ហេតុ ប៉ុន្តែលើសជាង៥តោន អាចសម្របសម្រួលគ្នាបាន ហើយក្រុមហ៊ុនដឹកជញ្ជូន ក៏បានព្រមព្រៀងក្នុងការកំណត់យកតម្លៃ៣ម៉ឺនរៀល សម្រាប់រថយន្តមួយគ្រឿង លើស ទម្ងន់៥តោន និងសេវាបាយទឹក សម្រាប់លោកប្រធានស្ថានីយថ្នល់ទទឹង២ម៉ឺនរៀល សម្រាប់រថយន្តធំៗដឹកទំនិញគ្រប់ប្រភេទ ដែលមិនលើសទម្ងន់៕