ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន សរុប៥៦នាក់ នៅតំបន់បឹងកក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ និងដកហូតមធ្យោបាយម៉ូតូចំនួន២៣ គ្រឿង , ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា យោងតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជា ឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវចេញប្រតិបត្តិការបង់ក្រាបគ្រឿងញៀននៅតំបន់បឹងកក់ឱ្យមាន ប្រសិទ្ធភាព ដោយតំបន់បឹងកក់នេះ ជាតំបន់សំណង់មិនរៀបរយស្មុគស្មាញទៅដោយគ្រឿងញៀន ។ ព្រោះកន្លងមកប្រជាពលរដ្ឋតែងតែរិះគន់ អំពីសកម្មភាពលក់ចែកចាយគ្រឿងញៀននៅតំបន់នោះ ។
លោក ហួត ចាន់យ៉ារ៉ាន់ បន្តថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១២ និង១៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកស្នងការរង បានឲ្យដឹងទៀតថា ការបង្រ្កាបជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននៅតំបន់បឹងកក់ គឺកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងនៅតាមខណ្ឌ ជាប់និងភូមិសាស្រ្តបឹងកក់ និងចាប់ផ្តើមរឹតបន្តឹងអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនឲ្យបានតឹងរឹងបំផុត ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅ តំបន់បឹងកក់មានការថយចុះ ។
ជាក់ស្តែងកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យទាំង៥៦នាក់នេះ ក្នុងនោះមុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន៥១នាក់ ។ជាមួយនិងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន សមត្ថកិច្ចដកហូតមធ្យោបាយម៉ូតូចំនួន២៣គ្រឿង , ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
សូមបញ្ជាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញកាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងជម្រុញឱ្យកម្លាំងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ត្រូវបន្តចេញប្រតិបត្តិការបង្រ្កាបបទ ល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពដើម្បីរក្សាសន្តិសុខសុវត្ថិភាពសង្គមកាន់តែប្រសើរ ។ ជាពិសេសក៏បានជម្រុញឱ្យចាត់វិធានការដោះស្រាយបញ្ហាគ្រឿងញៀននៅតំបន់បឹងកក់ ដែលជាតំបន់មានសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនបង្កភាពភ័យខ្លាច ទៅដល់ប្រជាពលរដ្ឋ។
ក្នុងវិធានការដោះស្រាយបញ្ហាគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានព្រមានដល់លោកអធិការតាមបណ្ដារខណ្ឌនានា ត្រូវអនុវត្តនៃការបង្រ្កាប គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកឡើងពីការដាក់វិន័យក្នុងករណីដែលសកម្មភាពបទល្មើសគ្រឿងញៀនកើតឡើងនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ជាពិសេសតាមក្លឹប និងរង្គសាលធំៗ មិនរាយការណ៍និងមិនធ្វើការបង្រ្កាបគ្រឿងញៀន ៕ស រស្មី