ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងខណៈកំពុងតែជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវបែកជាបួនត្រូវរថយន្តបុកពេញទំហឹងអូសប្រហែល៣០ម៉ែត្របណ្តាលឲ្យដួលរងរបួសបាក់ជើងត្រូវដឹកតាមរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង០៥នាទីយប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១០៦កែងផ្លូវព្រះនរោត្តមនៅចំណុចក្បែរនឹងស្ពាននាគស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
តាមអ្នកដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1C-5193ធ្វើដំណើរមកតាមបណ្តោយផ្លូវលេខ១៩ក្នុងទិសដៅពីត្បូងទៅជើខណៈកំពុងតែជិះឆ្លងផ្លូវបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX300ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2W-7290បើកបរតាមបណ្តោយផ្លូវលេខ១០៦ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកចំម៉ូតូពេញទំហឹងគៀបម៉ូតូក្រោមរថយន្តអូសប្រហែល៣០ម៉ែត្របណ្តាលឲ្យដួលបាក់ជើងម្ខាងចំណែកម៉ូតូខូចខាតយ៉ាងដំណំរីឯរថយន្តខូចកាងមុខផងដែរ។
ក្រោយពេលកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ