ក្រុមឧទ្ទាមជ្រុលនិយម នៅក្នុងរដ្ឋ Chhattisgarh បើកការវាយឆ្មក់ទៅលើទាហានឥណ្ឌាបណ្ដាលឲ្យទាហានស្លាប់ និងរបួសជាច្រើន ។ អ្នកនាំពាក្យកម្លាំងទាហានឥណ្ឌា បានបញ្ជាក់ថាខ្មាន់កាំភ្លើងក្រុមឧទ្ទាមម៉ៅនិយមបានសម្លាប់កងកម្លាំងសន្តិសុខ១៧នាក់ ក្នុងការវាយឆ្មក់មួយស្ថិតនៅភាគកណ្តាល រដ្ឋ Chhattisgarh ។ នេះជាការវាយប្រហារសម្លាប់បំផុតនៅក្នុងអំឡុងឆ្នាំថ្មីៗនេះ ។
លោកShalab Sinha ស្នងការប៉ូលិសក្នុងតំបន់បានថ្លែងប្រាប់ប្រភពព័ត៌មាន AFP ផ្សាយថា ក្រុមឧទ្ទាមប្រដាប់អាវុធជាង៣០នាក់ បានវាយប្រហារទៅលើកងកុម៉្មង់ដូដែលកំពុងល្បាតនៅក្នុងព្រៃ ស្ថិតនៅក្នុងស្រុក Sukma ។
កម្លាំងសន្តិសុខច្រើននាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់ស្រុក Sukmaដែលមានការវាយឆ្មក់របស់ក្រុមឧទ្ទាមនោះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ។ លោក Shalab Sinha បានថ្លែងថា «យើងបានរកឃើញសាកសព១៧នាក់ និងប៉ូលិស១៥នាក់ទៀតបាននិងកំពុងស្ថិតក្រោមការព្យាបាល ។ យើងជឿជាក់ថា ការវាយឆ្មក់នេះ ធ្វើឡើងដោយក្រុមឧទ្ទាមមានគ្នាចន្លោះពី៣០០នាក់ដល់៣៥០នាក់» ។
មន្ត្រីដទៃផ្សេងទៀតបានបញ្ជាក់ថា ក្រុមឧទ្ទាមម៉ៅនិយមយ៉ាងតិច៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា មូឌី បានថ្កោលទោសការវាយប្រហារនេះ ។ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter លោក ម៉ូឌី បានសរសេរថា «សូមរំលែកទុក្ខជាមួយកងកម្លាំងដែលរងការវាយប្រហារ និងបានបាត់បង់ជីវិត ។ ការបូជាជីវិតរបស់ពួកគេ មានតម្លៃមិនអាចបំភ្លេចបានឡើយ ។ សូមចូលរួមរំលែកទុក្ខក្រៀមជាមួយគ្រួសារដ៏ក្លាហានទាំងនោះ» ។
នេះជាការស្លាប់របស់កងកម្លាំងសន្តិសុខច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៧មក ដែលកាលណោះការប្រយុទ្ធជាមួយក្រុមឧទ្ទាមឆ្វេងនិយម បានបណ្តាលឲ្យកងកុម្ម៉ង់ដូ២៥នាក់ស្លាប់ ហើយការប្រយុទ្ធនៅគ្រានោះបានកើតឡើងនៅក្នុងស្រុក Sukma រដ្ឋ Chhattisgarh នេះផងដែរ ។
ក្រុមកុម្ម៉ង់ដូ១៦នាក់ផ្សេងទៀតបានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែក ស្ថិតនៅភាគខាងលិចរដ្ឋ Maharashtra ផងដែរ អំឡុងពេលមុនការបោះឆ្នោតសាកលឥណ្ឌាកាលពីឆ្នាំ២០១៩ ។ ការវាយប្រហារនោះ ត្រូវគេបន្ទោសថា ជាសកម្មភាពរបស់ក្រុមឧទ្ទាមម៉ៅនិយម ។
ក្រុមឧទ្ទាមឆ្វេងនិយមនេះ នៅក្នុងតំបន់ត្រូវបានស្គាល់ថា ជាក្រុម Naxals។ ពួកគេបាននិងកំពុងសកម្មខ្លាំងវាយប្រហារនៅតាមដងព្រៃ តំបន់ភាគខាងកើត, ភាគកណ្តាល និងភាគខាងត្បូង ចាប់តាំងពីឆ្នាំ១៩៦០រហូតមក ។ គោលដៅរបស់ពួកគេវាយប្រហារដើម្បីទាមទារសិទ្ធិបន្ថែមទៀតទៅដល់ជនក្រីក្រ និងក្រុមជនជាតិដើមភាគតិច ។
ជនជាតិភាគតិច ដែលតាំងទីលំនៅភាគច្រើនក្នុងតំបន់សម្បូរដោយធនធានរ៉ែនោះ បានស្ថិតនៅចំណុចកណ្តាលនៅក្នុងជម្លោះ ដែលក្រុមឧទ្ទាមម៉ៅនិយមវាយប្រហារប្រឆាំងលើកងកម្លាំងរដ្ឋាភិបាល ។ មនុស្សរាប់ពាន់នាក់ ភាគច្រើនជាពួកកុលសម្ព័ន្ធរងការសម្លាប់ ។
កងកម្លាំងសន្តិសុខរដ្ឋាភិបាលឥណ្ឌារងចោទប្រកាន់ថា រំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការសម្លាប់ជនស្លូតត្រង់ជនជាតិដើមភាគតិចក្រៅប្រព័ន្ធច្បាប់ ។ សកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែតត្រូវគេចាត់ទុកថា ជា «ក្រុម Naxals នៅទីប្រជុំជន» ហើយក្លាយជាគោលដៅ នៅពេលរាយការណ៍ស្តីអំពីការរំលោភបំពាន ឬសម្លាប់មនុសុ្សក្រៅទម្រង់ច្បាប់ ៕ ធីរីណា